ក្រុមប្រទេស G7 សម្លឹងរកផែនការផ្តល់មូលនិធិគាំទ្រដល់អ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនៅអ៊ីតាលី | ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ | កូរ៉េខាងជើង- រុស្សីលើកសរសើរអំពីទំនាក់ទំនងការទូតរួ​មគ្នា ខណៈលេចឮចចាមរ៉ាមអំពីដំណើរទស្សនកិច្ចរបស់លោកពូទីន | នាយករដ្ឋមន្ត្រីអរគុណដល់ក្រុមអ្នកសាងសង់នៃគម្រោងរំដោះទឹកជំនន់រាជធានីភ្នំពេញ |

បវរកញ្ញាពិភពលោកម្ពុជាអរគុណមាតាបិតាចំពោះការប្រៀនប្រដៅនិងគាំទ្រដល់នាង

មានដើមកំណើតនិងធំធាត់នៅខេត្តក្រចេះ សារី សុវត្តី បានផ្លាស់មករស់នៅទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ២០១៥។ វត្តីត្រូវបានឪពុកម្ដាយរបស់នាងអប់រំទូន្មានក៏ដូចជា បណ្ដុះបណ្ដាលឱ្យនាងស្រឡាញ់ការសិក្សា និងធ្វើយ៉ាងណាឱ្យមានភាពឯករាជ្យក្នុងការសម្រេចចិត្តដោយខ្លួនឯង។ ជាអ្នកដែលមកពីខេត្ត និងបានឆ្លងកាត់របបខ្មែរក្រហម ឪពុកម្ដាយរបស់នាង មិនមានអ្វីច្រើនដើម្បីផ្តល់ឱ្យក្រៅពីជំរុញនាងឱ្យទទួលបានការសិក្សាល្អនោះទេ ដែលបច្ចុប្បន្ននេះ នាងកំពុង សិក្សាថ្នាក់ ភាសា កូរ៉េ ជាមួយនឹងក្ដីសង្ឃឹម ថានឹងអាចបន្ត ថ្នាក់ អនុបណ្ឌិតនៅប្រទេសកូរ៉េ។

កញ្ញាថា៖ «គាត់តែងតែងជំរុញឱ្យខ្ញុំហ្នឹង! រៀនធ្វើអ្វីដោយខ្លួនឯងកុំរំពឹងគាត់ គាត់តែងតែប្រើពាក្យមួយម៉ាត់ថា កុំអាងប៉ាម៉ាក់។ កុំធ្វើអីអាងអ្នកផ្សេង ធ្វើអីធ្វើខ្លួនឯងឱ្យអស់ពីសមត្ថភាព បើធ្វើអត់បានចាំសុំជំនួយ។ អ៊ីចឹងអាហ្នឹង! វាអាចធ្វើឱ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលរាងឯករាជ្យ ធ្វើអីម្នាក់ឯង ធ្វើអីបានខ្លួនឯងអត់សូវរំពឹងគេនោះទេ អ៊ីចឹងធ្វើឱ្យយើងកាន់តែរឹងមាំ»

បរវរកញ្ញាពិភពលោករូបនេះ បានឱ្យដឹងថា នៅពេលដែលនាងផ្លាស់មករស់នៅទីក្រុងភ្នំពេញតែម្នាក់ឯង មនុស្សជាច្រើនតែងតែនិយាយ និងសួរឪពុកម្តាយរបស់នាងថា ហេតុអ្វីបានជាពួកគាត់ទុកឱ្យកូនស្រីចេញទៅរស់នៅទីក្រុងតែម្នាក់ឯង។ ប៉ុន្តែដោយដឹងថាកូនស្រីរបស់ខ្លួន ត្រូវការការអប់រំខ្ពស់ ហើយជឿជាក់លើរូបនាងទើបធ្វើឱ្យពួកគាត់សម្រេចបញ្ជូនកូនស្រីទៅរស់នៅទីក្រុងតែម្នាក់ឯងបែបនេះ។

កញ្ញាថា៖ «គាត់ថាបារម្ភក៏ប៉ុន្តែខ្ញុំជឿជាក់លើកូនខ្ញុំ [សម្ដីឪពុកម្ដាយ] ព្រោះគាត់ជឿជាក់ខ្ញុំ ខ្ញុំក៏បញ្ជាក់ និងបង្ហាញថា prove គាត់ថាខ្ញុំអាចនៅម្នាក់ឯងបានដោយសុវត្ថិភាព ខ្ញុំក្លាហានរឹងមាំ ដោយការគាត់បើកឱកាសឱ្យយើងតាំងពីក្មេង យើងធ្វើអីដែលយើងស្រលាញ់ហើយដរាបយើងអត់ធ្វើអីដែលខុសច្បាប់ អត់ធ្វើអីប៉ះពាល់អ្នកដ៏ទៃគឺអត់បញ្ហាទេ»

កញ្ញា សារី សុវត្តី ឱ្យដឹងថា ការជឿជាក់របស់ឪពុកម្ដាយនាងបានជំរុញឱ្យនាងសម្រេចចិត្តនិងបន្តនូវក្ដីសុបិន្តទាំងឡាយ រួមទាំងតំណែងបវរកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ ផងដែរ។

កញ្ញាថា៖ «កាលណាគាត់ជឿជាក់ខ្ញុំកាន់តែខ្លាំង ខ្ញុំកាន់តែមានទំនុកចិត្ត អ៊ីចឹងខ្ញុំធ្វើអីដោយទំនុកចិត្ត អ៊ីចឹងខ្ញុំធ្វើអីដោយទំនុកចិត្ត គាត់តែងនិយាយតម្កើងយើងថាយើងខ្លាំងជាងមនុស្សប្រុស មនុស្សប្រុសចេះអីយើងត្រូវចេះហ្នឹង! ហើយមនុស្សប្រុសចេះអី យើងមិនត្រឹមចេះដូចគេនោះទេ គឺត្រូវខ្លាំងជាងគេទៀត ដើម្បីកុំឱ្យគេមើលងាយ»

ជាមួយគ្នានោះ កញ្ញាឱ្យដឹងថា ឪពុករបស់នាងធ្លាប់ជាតន្រ្តីករ ផ្នែកហ្គីតានៅក្នុងក្រុមតន្រ្តីមួយកាលពីយូរណាស់មកហើយ ដែលវាជាចំណែកមួយដែលធ្វើឱ្យនាងមានចិត្តស្រលាញ់ខាងផ្នែកសិល្បៈ ជាពិសេសគឺសិល្បៈសម្ដែងដូចជា

របាំប្រពៃណី ដែលមានឪពុកម្តាយរបស់នាងតែងចាំគាំទ្រផងដែរ។ ក្នុងនោះកញ្ញាថា ឪពុកម្តាយរបស់នាងបានបង្រៀននាងឱ្យមានទំនួលខុសត្រូវ ចំពោះកិច្ចការដែលខ្លួនធ្វើ និងសម្រេចវាឱ្យបានដោយមិនត្រូវទុកវាចោល ទោះបីជាការងារនោះតូចធំក្ដី ពីព្រោះការងារទាំងនេះគឺជាលទ្ធផលនៃការប្រឹងប្រែងរបស់នាង ដើម្បីបោះជំហានទៅរកភាពជោគជ័យសម្រាប់ពេលអនាគត។

កញ្ញាថា៖ «បើនិយាយគឺគាត់ថា okay ធ្វើអីស្រលាញ់ខ្លួនឯងឱ្យតែមានប្រយោជន៍ ឱ្យតែខ្លួនឯងសប្បាយចិត្តហើយអត់ប៉ះពាល់ដល់សង្គមគឺធ្វើបាន។ ពេលខ្ញុំធ្វើអីក៏ដោយខ្ញុំអត់សូវខ្មាសគេនោះទេ ព្រោះអីយើងខ្វះខាតអី ព្រោះវាអ្វីដែលយើងរកបានដោយខ្លួនឯង ដរាបណាវាត្រូវច្បាប់ហើយយើងរកបានដោយសមត្ថភាពខ្លួនឯងយើងមានអារម្មណ៍សប្បាយចិត្តហើយមានមោទនភាព»

នៅពេលដែលគិតអំពីរឿងអនាគត វត្តី តែងនឹកឃើញនូវសម្ដីម្តាយដែលបានប្រាប់នាងថា មុននឹងសម្រេចចិត្តរៀបការ នាងត្រូវតែមានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាជាមុនសិន។ ក្នុងនោះ វត្តី ឱ្យដឹងថា ម្ដាយរបស់នាងក៏ជាម្នាក់ដែលបានរៀបការក្រោយបញ្ចប់ការសិក្សាដែរ ដោយកាលនោះគាត់បានរៀបការនៅអាយុ ២៧ឆ្នាំ ដែលផ្ទុយពីទម្លាប់របស់មនុស្សមួយចំនួននៅតាមខេត្តដែលរៀបការនៅក្រោមអាយុ២០ឆ្នាំ។

យ៉ាងណាមិញ សម្រាប់វត្តី រឿងមួយដែលនាងចង់មានការផ្លាស់ប្តូរជាមួយគ្រួសារ និងអនាគតគ្រួសាររបស់នាងនោះជាគឺការបង្ហាញនូវក្តីស្រលាញ់ និងទំនាក់ទំនងច្បាស់លាស់រវាងគ្នា។ ក្នុងនោះ នាងបាន លើកឧទាហរណ៍

ពីការចង់ឱបឪពុកម្តាយរបស់នាងកាលនៅពីក្មេង ប៉ុន្តែត្រូវបានគាត់បដិសេដដោយមិនសូវទម្លាប់ជាមួយវាដែលនេះបានក្លាយជាទំនៀមទម្លាប់មួយរបស់ខ្មែរ។ ប៉ុន្តែយ៉ាងណា នាងជឿជាក់ថាការប្រាស្រ័យទាក់ទងគ្នា និងការជួយគ្នាដោះស្រាយបញ្ហានៅក្នុងផ្ទះគឺជាជំហានដំបូងក្នុងការជំរុញឱ្យមនុស្សមានភាពរឹងមាំនិងប្រាស្រ័យទាក់ទងល្អនាពេលអនាគត។

កញ្ញាថា៖ «អាភាពស្និទស្នាលនៅក្នុងគ្រួសារហ្នឹង! ធ្វើឱ្យកូនហ្នឹងជាមនុស្សម្នាក់ដែលលេចធ្លោក្នុងសង្គមព្រោះគាត់ចេះទំនាក់ទំនង។ ជាពិសេសសមាជិកគ្រួសារហ្នឹងគឺជាសមាជិកដែលយើងធ្វើការ socialize ធ្វើទំនាក់ទំនងក្នុងសង្គមមុនគេ។បើយើងអត់ចេះ socialize ជាមួយគ្នានៅក្នុងក្រុមគ្រួសារ អត់ចេះបង្ហាញក្ដីស្រលាញ់គ្នា អត់ចេះនិយាយដាក់គ្នា អត់ចេះទំនាក់ទំនងដោះស្រាយបញ្ហាផង អញ្ចឹងកូនហ្នឹងប្រាកដជាមានបញ្ហាទៅថ្ងៃក្រោយ ពេលដែលយើងនិយាយជាមួយអ្នកដ៏ទៃដែលមិនមែនជាគ្រួសារយើងតែងតែពិបាក»

បច្ចុប្បន្ន វត្តី កំពុងធ្វើការជាបុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ និងជាអ្នករៀបចំកម្មវិធីនៅ Factory Phnom Penh និង Urban Village ខណៈដែលនាងត្រូវត្រៀមធ្វើជាបវរកញ្ញាតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss World 2022 ផងដែរ។


"អត្ថបទ/វីដេអូឯករាជ្យនេះជាការផ្តួចផ្តើមរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និង EAC ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការការពារប្រសើរឡើង។ ទាំងនេះជាទស្សនៈទាំងស្រុងរបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីគោលជំហររបស់អង្គការទស្សនៈពិភពលោកទេ។"



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក