ស្វាយរៀង៖ លោក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Medtecs Manhattan Group ក្នុងការសម្រេចចិត្តបណ្ដាក់ទុនសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ថ្លែងតំណាងឱ្យនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីបើកសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុតពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យបែបទំនើបខ្នាតធំដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ អំឡុងពេលដែលកម្ពុជាកំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លក្ខណៈទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។ ក្នុងនោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទង្វើនេះគឺជាសក្ខីភាពក្នុងការឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន Medtecs Manhattan Group ពិតជាមានការជឿជាក់និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
មួយវិញទៀត លោកថា ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ផងដែរ៕