ភ្នំពេញ៖ ភ្នំពេញ-សេអូល-អាឡាស្កា-ញ៉ូយ៉ក ហើយបន្តដំណើរពីញ៉ូយ៉ក-ហាវ៉ាណា-អាឡាស្កា-តូក្យូ មុននឹងត្រលប់ដល់រាជធានីភ្នំពេញវិញនៅល្ងាចថ្ងៃទី២៨ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចំងាយ ៣៣ ៥៩៧គីឡូម៉ែត្រតាមជើងយន្តហោះក្នុងរយៈពេល៨ថ្ងៃនេះ។ នេះនៅមិនទាន់រាប់ពីការធ្វើដំណើរតាមរថយន្ត និងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់ និងការថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនោះទេ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន ថា៖ «ការធ្វើដំណើររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅក្រៅប្រទេសលើកនេះ ៣ទ្វីបក្នុងរយៈពេលដ៏ខ្លី ដែលខ្ញុំអមដំណើរជាមួយសម្ដេចនាយករដ្ឋមន្ត្រី ខ្ញុំមិនដែលឃើញសម្ដេចនឿយហត់ ឬមួយក៏បញ្ជាក់ពីចំណុចខ្សោយរបស់សម្ដេច គឺអត់មានទេ! សម្ដេចពោរពេញដោយថាមពល ពោរពេញដោយការចងចាំ ពោរពេញដោយភាពឈ្លាសវៃ»។
ក្នុងដំណើរទស្សនកិច្ចទៅអង្គការសហប្រជាជាតិ ប្រទេសគុយបា និងជប៉ុន សម្ដេចតេជោ បានទទួលជួបភ្ញៀវជាច្រើនដែលស្ទើរតែគ្មានពេលសម្រាក។
លោក កៅ គឹមហួន បានលើកឡើងពីថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន មមាញឹកបំផុតនៅប្រទេសគុយបាថាថា៖ «កាលពីថ្ងៃដែលសម្ដេចតេជោជួបជាមួយនិស្សិតនៅគុយបា ខ្ញុំសូមជម្រាបបន្ដិចថា សម្ដេចមានជំនួបតាំងពីព្រឹករហូតដល់យប់ដោយមិនមានការនឿយហត់។ ហើយសម្ដេចមិនដែលពោលថា សម្ដេចហត់ទេ! ខ្ញុំមិនដែលឮទេ។ ខ្ញុំថាសម្ដេចជាមេដឹកនាំកំពូលផ្ដល់ជាគំរូល្អបំផុតសម្រាប់អ្នកជំនាន់ក្រោយ»។
យន្តហោះពិសេសរាជរដ្ឋាភិបាលកម្ពុជាបានចុះចតនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោងប្រមាណ ៣រសៀល នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបោះជំហានចេញពីយន្តហោះជាមួយស្មាមញញឹម និងភាពរឺងមាំ ដោយបានទទួលស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនដែលបានមកទទួលសម្ដេច។
ទោះបីជាធ្វើដំណើរអស់ជាងបីម៉ឺនគីឡូម៉ែត្រក្ដី តែកម្លាំង ស្មារតី និងស្នាមញញឹម របស់សម្ដេចតេជោ ហ៊ុន សែន នៅតែមានជានិច្ចសម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។ នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះសម្ដេចតេជោ នឹងអញ្ជើញជាអធិបតី «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» បន្តថែមទៀតផងដែរ៕