រដ្ឋមន្រ្តីក្រសួងវប្បធម៌កោតសរសើរចំពោះវីរភាពនិងជីវិតតស៊ូពីកុមារភាពរបស់ សម្ដេចតេជោ ដែលគួរយកគំរូតាម
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបង្ហាញការកោតសរសើរចំពោះជីវិតតស៊ូនិងវីរៈភាពពីកុមារភាពរបស់លោកនាយករដ្ឋមន្ត្រី តាមរយៈភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" ដោយថា ក្មេងជំនាន់ក្រោយគួរយកជាគំរូ។
ថ្លែងក្នុងពិធីចាក់សម្ពោធភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា យុវជនជំនាន់ក្រោយគ្រប់រូបគួរបន្តយកគំរូតាមលោកនាយករដ្ឋមន្ត្រី ដោយថាមិនត្រូវបង្អង់យូរក្នុងការធ្វើកិច្ចការអ្វីមួយដោយចាប់ផ្ដើមធ្វើវាភ្លាមជាមួយនឹងភាពតស៊ូនិងអត់ធ្មត់។
លោកស្រីថា៖ «ទឹកមួយតក់ៗដែលស្រក់អាចធ្លុះថ្មបាន អញ្ចឹងបើសិនជាយើងគ្រាន់តែចង់រៀន ក៏ប៉ុន្តែមិនតស៊ូព្យាយាមទេថ្ងៃក្រោយបោះបង់សាលាចោល។អញ្ចឹងការតស៊ូរបស់សម្ដេចម្ដងបន្តិចៗ ដោយអំណត់ដែលយកការចេះដឹងជាគោលនេះគឺត្រូវមាន ហើយក៏ជាគំរូពិសេសសម្រាប់ប្អូនៗយុវជនជំនាន់ក្រោយស្វែងរកឱ្យមានការតស៊ូ ការប្រឹងប្រែងដោយសន្សំម្ដងបន្តិចៗ កុំចាប់ភ្លាមឡើងចង់បានពេក»។
ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវដល់សមាគមសិល្បករខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធឱ្យបន្តការផ្សព្វផ្សាយពីខ្សែភាពយន្តចម្រៀងមួយនេះឱ្យកាន់តែទូលំទូលាយ ដែលអាចឱ្យយុវជននិងកូនខ្មែរជំនាន់ក្រោយយកជាគំរូ ក៏ដូចជាការដកស្រង់បទពិសោធន៍ដើម្បីពង្រឹងសមត្ថភាពខ្លួនផងដែរ។
លោកស្រីថា៖ «ដូច្នេះនៅក្នុងន័យនេះ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសុំជំរុញនិងលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធចូលរួមធ្វើការផ្សព្វផ្សាយស្នាដៃភាពយន្តបទចម្រៀង «ជីវិតក្មេងវត្ត» ឱ្យបានកាន់តែទូលំទូលាយតាមគ្រប់មធ្យោបាយ ដើម្បីបំផុសស្មារតីកុលបុត្រ កុលធីតាខ្មែរ ឱ្យបន្តខិតខំរៀនសូត្រ និងដកស្រង់បទពិសោធន៍និងគំរូវីរភាពរបស់សម្ដេចតេជោ ដើម្បីពង្រឹងលើកម្រិតសមត្ថភាពខ្លួនព្រមទាំងត្រៀមខ្លួនចូលរួមចំណែកអភិវឌ្ឍសង្គមនាពេលអនាគត»។
យ៉ាងណាមិញ លោកស្រី ភឿង សកុណា ក៏បានស្នើដល់ សមាគមសិល្បករខ្មែរឱ្យបន្តចូលរួមចំណែកថែរក្សា និងខិតខំប្រឹងប្រែងដើម្បីធ្វើការបង្កើតនូវអ្វីដែលថ្មី
និងបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនកុំឱ្យបាត់បង់ តាមរយៈការផលិតចម្រៀងខ្មែរ ការបង្ហាញនូវម្ហូបអាហារខ្មែរ សម្លៀកបំពាក់ខ្មែរ និងមរតកវប្បធម៌ផ្សេងទៀតដូចជា ចាប៉ី ភ្លេងបុរាណ។ល។
លោកស្រីថា៖ «យើងទ្រព្យច្រើនត្រូវថែរក្សា កុំបារម្ភនឹងគេ បារម្ភនឹងខ្លួនឯង ព្រោះគ្មានអ្នកណាជួយថែនោះទេ។ អញ្ចឹងយើងខ្ញុំពឹងផ្អែកលើប្អូនៗយុវជន ទ្រព្យតិចណាព្រួយរិះគិត»។







