អង់គ្លេស៖ ទីលាន Silverstone សម្រាប់ការប្រណាំងរថយន្ត Formula 1 ដែលអាចផ្ទុកទស្សនិកជនបានប្រមាណជា ១៤០,០០០នាក់ នឹងត្រូវបើកឱ្យមានមនុស្សចូលទស្សនាឡើងវិញ នៅថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ។ ការបើកឱ្យមនុស្សចូលទស្សនាឡើងវិញបែបនេះ គឺជាព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនបំផុតរបស់ចក្រភពអង់គ្លេស រាប់ចាប់ពីមានការរឹតត្បិតក្រោយការផ្ទុះឡើងនូវវិបត្តិសកលកូវីដ-១៩។
កីឡាករលំដាប់ពិភពលោក Lewis Hamilton បានបង្ហាញអារម្មណ៍រំភើបចំពោះការបើកឱ្យមានទស្សនិកជនចូលទស្សនាការប្រណាំងផ្ទាល់ឡើងវិញ ប៉ុន្តែទន្ទឹមនេះលោកក៏បានបង្ហាញក្តីបារម្ភពីបញ្ហាប្រឈមនៃការចម្លងកូវីដ-១៩ក្នុងចំណោមអ្នកចូលរួមទស្សនានោះផងដែរ។
អ្នកចូលរួមទស្សនាដែលជាមនុស្សពេញវ័យតម្រូវឱ្យមានការចាក់វ៉ាក់សាំងរួចរាល់ជាមុនសិន ខណៈដែលអ្នកមិនទាន់បានទទួលវ៉ាក់់សាំងត្រូវមានលិខិតបញ្ជាក់ថាមិនមានវិជ្ជមានកូវីដ-១៩ ទើបអនុញ្ញាតឱ្យចូលទស្សនា ខណៈកូនក្មេងវិញនៅមិនទាន់មានការកំណត់លក្ខខណ្ឌណាមួយច្បាស់លាស់នៅឡើយទេ។
មួយរយៈចុងក្រោយនេះ ចក្រភពអង់គ្លេសទទួលរងការគំរាមកំហែងខ្ពស់ចំពោះករណីរាលដាលវីរុសកូវីដ-១៩ ដែលបំម្លែងខ្លួនថ្មីឈ្មោះថា Delta ដែលរកឃើញដំបូងនៅឥណ្ឌា ដោយគ្រាន់តែនៅថ្ងៃពុធកន្លងទៅមានការរាយការណ៍ករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ វ៉ារ្យ៉ង់ Delta នេះរហូតដល់ ១៦,១៣៥ករណី។
លោក Stefano Domenicali ប្រធាន F1 បានលើកឡើងថា ដំណឹងនៃការអនុញ្ញាតឱ្យមានទស្សនិកជនទស្សនាផ្ទាល់ឡើងវិញនេះ គឺជាដំណឹងដ៏អស្ចារ្យមួយ។ មែនទែនទៅ! ការអនុញ្ញាតឱ្យមានទស្សនិកជនឡើងវិញនេះ គឺជាផ្នែកមួយនៃការត្រឡប់មកវិញនៃវិស័យកីឡា ក្រោយពីការបើកឱ្យមានទស្សនិកជនក្នុងព្រឹត្តិការណ៍ EURO, Wimbledon និង Open Golf Tournament ជាដើម។ ព្រឹត្តិការណ៍ EURO ២០២០ នេះ នឹងបើកឱ្យមានទស្សនិកជនរហូតដល់ ៦០,០០០នាក់នៅកីឡដ្ឋាន Wembley Stadium ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Wimbledon វគ្គផ្តាច់ព្រ័ត្រទាំងបុរស និងនារី និងបើកឱ្យមានទស្សនិកជនរហូតដល់ ៥០%នៃចំនួនផ្ទុកសរុប និងកើនឡើងដល់ ១៥,០០០នាក់ក្នុងវគ្គផ្តាច់ព្រ័ត្រ៕