រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ការបង្រៀនកូនខុសជំនាន់ នៅតែមានសេចក្តីស្រលាញ់ដូចគ្នា

ភ្នំពេញ៖ កែវ សិរីវុឌ្ឍី កើតនិងធំធាត់មុនរបបខ្មែរក្រហម។ ដោយសារគាត់ជាកូនស្រីតែម្នាក់ដូច្នេះឪពុកម្តាយរបស់គាត់បានប្រើប្រាស់ការអប់រំតឹងរ៉ឹងតែទន់ភ្លន់។ ឪពុកម្ដាយបានបង្រៀនឱ្យខិតខំរៀនសូត្រ និងធ្វើតាមតម្លៃស្ត្រីខ្មែរបុរាណដូចការសរសេរច្បាប់ស្រី រួមទាំងការដើរដោយស្ងៀមស្ងាត់ និងនិយាយទន់ភ្លន់។ ពួកគាត់បន្តបង្រៀនគាត់ពីការបញ្ចេញឥរិយាបតមុនពេលរៀបការ ក្រោយពេលរៀបការ និងរបៀបនៃអាកប្បកិរិយាជាមួយគ្រួសារប្តីផងដែរ។

អ្នកគ្រូ វុឌ្ឍី ប្រកាន់ខ្ជាប់នូវការបង្រៀនទាំងនេះ រហូតដល់ពេលដែលគាត់បង្កើតបានគ្រួសារផ្ទាល់ខ្លួន។ ថ្វីត្បិតតែមានការអនុវត្តន៍ខុសគ្នានៃមនុស្សជំនាន់នេះជាមួយនឹងជំនាន់របស់អ្នកគ្រូ ក្ដីក៏គាត់នៅតែប្រកាន់ខ្ជាប់នូវវប្បធម៌ខ្មែរដដែល។

គាត់បាននិយាយថា: «ប៉ុន្តែទោះជា ប្រទេសរបស់យើងមានការជឿនលឿនហើយមានបរទេសរស់នៅក្នុងស្រុករបស់យើងច្រើន ហើយគ្រួសាររបស់ខ្ញុំធ្លាប់ធ្វើការជាមួយបរទេសកូនៗធ្លាប់រៀននៅសាលាអន្តរជាតិយ៉ាងមិចក៏ដោយ ក៏ប៉ុន្តែគ្រួសាររបស់យើងនៅតែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរដដែល..អញ្ចឹងខ្ញុំគិតថាអ្វីដែលឪពុកម្ដាយខ្ញុំបានបង្រៀនមកខ្ញុំនៅតែបង្រៀនកូនស្រីរបស់ខ្ញុំ»

អ្នកគ្រូទទួលស្គាល់ថាគាត់បានប្រើរបៀបប្រដៅកូនស្រីនិងកូនប្រុសខុសគ្នា ដោយតឹងរ៉ឹងជាមួយកូនស្រី ខណៈផ្តល់សេរីភាពឱ្យកូនប្រុសច្រើន។ គាត់ដឹងពីសម្ពាធដែលគាត់ដាក់លើពួកគេ ហើយឥឡូវនេះគាត់បានធូរស្រាលច្រើន ដោយសារបានដឹងថាកូនៗកំពុងដើរលើផ្លូវត្រូវ។

អ្នកគ្រូថា: «ជួនកាលធ្វើឱ្យកូនគិតថាឪពុកម្ដាយដាក់សម្ពាធឱ្យកូន អាហ្នឹងខ្ញុំយល់ពីអារម្មណ៍របស់កូន របស់ក្មេងស្រីៗយុវជនយុវនារី។ ប៉ុន្តែខ្ញុំបានដឹងថា ទាំងកូនប្រុសនិងកូនស្រីរបស់ខ្ញុំមិត្តភក្តិរបស់គាត់ ចា៎គឺសុទ្ធតែជាមនុស្សល្អៗ គឺជាមនុស្សដែលជួយសង្គមខ្មែរ ជួយសង្គមហើយជាមនុស្សដែលមានការសិក្សាអប់រំ»

តាមបទពិសោធន៍ អ្នកគ្រូ ធ្លាប់ប្រើប្រាស់ការប្រៀនប្រដៅកូនដោយប្រើភាសាសំឡុត និងធ្ងន់ៗដែរ តែការប្រើប្រាស់វិធីនេះមិនបានចេញជាប្រយោជន៍នោះទេ។

គាត់ថា: «ខ្ញុំចង់ផ្លាស់ប្ដូរ ក៏ដូចជាចង់ជម្រាបដល់ឪពុកម្ដាយផ្សេងៗផងដែរគឺអ្វីដែលយើងត្រូវធ្វើគឺយើងមិនត្រូវប្រើពាក្យសម្ដីខ្លាំងៗទេ គឺអត់មានប្រយោជន៍ទេ គឺយើងត្រូវអប់រំនិងណែនាំគេដោយសម្ដីថ្នាក់ថ្នម។ បើនិយាយឱ្យចំទៅយើងត្រូវដឹងថាកូនរបស់យើងចូលចិត្តអី ចា៎បើយើងនិយាយទៅគឺយើងត្រូវដឹងពីចិត្តសាស្ត្ររបស់មនុស្សរបស់កូនយើង ពីព្រោះមនុស្សខ្លះចូលចិត្តសម្ដីផ្អែម មនុស្សខ្លះទាល់តែសម្ដីខ្លាំងៗបានធ្វើតាមយើង ចា៎អញ្ចឹងយើងត្រូវតែមើលគាត់»

កូនស្រីរបស់គាត់ កញ្ញា ជួន ចាន់លីណា យល់ស្របថា ឪពុកម្តាយរបស់គាត់មិនដែលវាយគាត់ទេ ហើយបង្រៀនគាត់ជាច្រើនពីវិធីនិយាយដោយទន់ភ្លន់ និងដឹងពីពេលណាត្រូវនិយាយ។ ពួកគាត់ធ្វើការជាមួយគ្នាជាគ្រូខ្មែរឯកជនដល់ជនបរទេសនៅផ្ទះ។

អ្វីដែល អ្នកគ្រូ លីណា កោតសរសើរបំផុតពីឪពុកម្ដាយ ទាំងអស់ដែលបានបង្រៀន គឺរបៀបដែលពួកគាត់បង្រៀនគាត់ពីតម្លៃនៃលុយ។ ដើម្បីទទួលបានរបស់ដែលគាត់ចង់បាន អ្នកគ្រូលីណាត្រូវតែរៀនបានពិន្ទុល្អ ឬធ្វើការងារផ្ទះ ដែលបានបណ្តុះក្រមសីលធម៌ការងាររបស់គាត់។ អ្នកគ្រូ លីណា នឹងបង្រៀនមេរៀនដូចគ្នានេះដល់កូនរបស់គាត់ផងដែរ។

តែអ្វីដែលគាត់នឹងផ្លាស់ប្តូរគឺជាសម្ពាធដែលគាត់នឹងដាក់លើកូនៗរបស់គាត់។ អ្នកគ្រូលីណាចង់បង្កើតឱកាសបន្ថែមទៀតសម្រាប់ពួកគេឱ្យហ៊ាននិយាយឡើង។

គាត់ថា: «ប្រហែលជាចំណាយពេលជាមួយកូនដូចបើកឱកាសឱ្យកូននិយាយពីគំនិតរបស់ពួកគេថា ឥឡូវហ្នឹង! គាត់ឆ្ងល់នេះ ឆ្ងល់នោះ ចា៎ឱ្យកូនសួរ មិនមែនថាម៉ាក់អត់ឱ្យសួរ។ សួរបានប៉ុន្តែមិនមែនសួរបានទាំងអស់ មានរឿងខ្លះ យើងមានអារម្មណ៍ថាអត់អាចនិយាយជាមួយគាត់បានទាំងអស់នោះទេ។ អញ្ចឹងប្រហែល ចង់អប់រំកូនឫចិញ្ចឹមកូនឱ្យដូចពួកម៉ាកជាង។ ឱ្យកូនហ៊ាននិយាយជាមួយពួកយើងបានទាំងអស់ បានគ្រប់រឿងហ្នឹងហើយ! ហើយអត់ប្រាប់ថាអូ! ខុសភ្លាមឫហាមធ្វើអាហ្នឹងភ្លាមគឺអត់ទេ ចា៎ត្រូវពន្យល់ប្រាប់ហេតុផល»

អ្នកគ្រូ លីណា បន្ថែមថា គាត់មិនដែលនិយាយពីការគំរាមកំហែង ឬអ្វីដែលកើតឡើងនៅសាលាទៅប្រាប់ឪពុកម្តាយគាត់ទេ ប៉ុន្តែគាត់កត់សម្គាល់ថាឪពុកម្តាយគាត់ក៏មិនបានសួរដែរ។ ដូច្នេះរឿងមួយទៀតដែលគាត់ចង់ធ្វើខុសប្លែកពីថ្ងៃអនាគត គឺចង់ចូលរួមបន្ថែមទៀតឱ្យស្និតស្នាលជាមួយកូនដើម្បីដឹងពីស្ថានភាពរបស់ពួកគេ ខណៈដែលគាត់បានឃើញឪពុកម្តាយមួយចំនួនអនុញ្ញាតឱ្យកូនរបស់ពួកគេប្រើទូរស័ព្ទ ឬ iPad អំឡុងពេលគាត់បង្រៀននៅសាលាឯកជន។

គាត់ថា: «ពីមុនបងធ្លាប់ធ្វើការនៅសាលាឯកជន អញ្ចឹង!បងឃើញសិស្សខ្លះគាត់មើលនូវអ្វីដែលគាត់អត់គួរមើល ហើយគាត់អត់ដឹង។ ចា៎អញ្ចឹងប្រហែលជាប៉ាម៉ាក់គួរតែតាមដានថាកូនមើលអ្វីខ្លះ តាមឱ្យទាន់ថាកូនយើងហ្នឹង!កំពុងជួបប្រទះនឹងអ្វីឥឡូវ ហើយសង្គមហ្នឹងវាកំពុងមានឥទ្ធិពលយ៉ាងមិចទៅលើកូនរបស់យើង»

ថ្វីត្បិតតែជំនាន់នីមួយៗផ្តោតទៅលើការប្រៀនប្រដៅខុសៗគ្នា ប៉ុន្តែរឿងមួយច្បាស់ណាស់ថា ការប្រៀនប្រដៅដោយសេចក្តីស្រឡាញ់ និងភាពទន់ភ្លន់ នឹងជួយកុមារឱ្យលូតលាស់បានល្អក្នុងជីវិតរបស់ពួកគេ៕

"អត្ថបទ/វីដេអូឯករាជ្យនេះជាការផ្តួចផ្តើមរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និង EAC ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការការពារប្រសើរឡើង។ ទាំងនេះជាទស្សនៈទាំងស្រុងរបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីគោលជំហររបស់អង្គការទស្សនៈពិភពលោកទេ។"



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក