វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

រដ្ឋមន្ត្រីមហាផ្ទៃស្នើចិនគាំទ្រការងារកាត់ផ្ដាច់ខ្សែបណ្ដាញមេខ្លោងជួញដូរមនុស្សមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ភាគីចិនបន្តគាំទ្រដល់ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងអំពើជួញដូរមនុស្សនៅកម្ពុជា ដោយស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន នៅវិមានសភា ព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញានេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការឱ្យគ្នាទៅវិញទៅមកក្នុងការបង្ការ និងបង្ក្រាបបទល្មើសប្រភេទនេះនាពេលកន្លងមកជាមួយភាគីចិន។ បន្ថែមលើនេះ សម្ដេចបានឱ្យដឹងថានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បប់ ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ និងក្រុមការងារត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជាដើម្បីទប់ស្កាត់បញ្ហាដែលកំពុងកើតឡើងនៅកម្ពុជា។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា កម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារការឆ្លៀតឱកាសកេងប្រយោជន៍ពីចំណុចខ្វះខាតមួយចំនួនពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស ក្នុងន័យនេះសម្ដេចក្រឡាហោមបានស្នើភាគីចិនបន្តគាំទ្រតាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះដែលមាននៅក្នុងប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន សម្ដេចក្រឡាហោមក៏បានលើកឡើងបញ្ហានេះទៅកាន់អង្គប្រជុំ និងបានគូសបញ្ជក់អំពីសារៈសំខាន់នៃការរួមគ្នាឈានទៅកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជន បង្ក្រាប ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃលើករណីនេះ និងបានអរគុណសម្ដេចក្រឡាហោម ដែលបានបង្កើតក្រុមការងារនិងមធ្យោបាយនានា សម្រាប់ស្ថានទូត ឬអ្នកពាក់ព័ន្ធអាចផ្ដល់នូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងដែនផ្សេងៗដើម្បីមានកិច្ចអន្តរាគមន៍។

លោកក៏បានជម្រាបជូនសម្ដេចដែរថាស្ថានទូតចិនបានធ្វើការងារនេះ ដោយបន្តជំរុញការផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅដល់បណ្ដាញផ្សព្វផ្សាយ ក៏ដូចជាសាធារណជននានាឱ្យបានដឹងពីមធ្យោបាយ និងព័ត៌មានមកខាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាតាមរយៈគេហទំព័រហ្វេសប៊ុក ឬប្រព័ន្ធទូរស័ព្ទ Hot Line ដែលបានផ្សព្វផ្សាយកន្លងមក។

ក្នុងឱកាសនេះដែរលោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះក្នុងករណីកន្លងមក និងសូមអរអបសាទរចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។ លោកក៏ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជាដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណការប្ដេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនេះ ដោយចាត់ទុកថាជាមូលដ្ឋានរឹងមាំនិងសំខាន់មិនអាចខ្វះបាន ដើម្បីរួមគ្នាក្នុងក្នុងបេសកកម្មនេះ ព្រមទាំងលុបបំបាត់ការផ្សព្វផ្សាយនានាដែលខុសពីភាពជាក់ស្ដែងនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក