អ៊ុយរូហ្គាយ៖ ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយរួចជាស្រេច បើទោះជានៅសល់មួយប្រកួតក្នុងដៃទៀតយ៉ាងណាក៏ដោយ បន្ទាប់ពីជ័យជម្នះ ២-០ ទល់នឹងក្រុមបាតតារាង បូលីវៀ ក្នុងការប្រកួតនៅព្រឹកថ្ងៃសុក្រនេះ។
អ៊ុយរូហ្គាយ បានបើកការនាំមុខមុនដោយគ្រាប់ចូលទីខ្លួនឯងរបស់ខ្សែការពារ Jairo Quinteros នៅនាទីទី៣៩ ខណៈក្រុមបូលីវៀផ្ទាល់បានព្យាយាមកែខៃស្ថានការណ៍ជាបន្តបន្ទាប់ ប៉ុន្តែមិនអាចធ្វើអ្វីក្រុមអ៊ុយរូហ្គាយបានឡើយ។ ការប្រកួតចូលដល់វគ្គទី២ ក្រុមអ៊ុយរូហ្គាយបានព្យាយាមសម្រុកទៅវិញជាបន្តបន្ទាប់ តែត្រូវរង់ចាំរហូតដល់នាទីទី៧៨ ទើបខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Edison Cavani បន្ថែមគ្រាប់ធានាជ័យជម្នះ ២-០ ពីការបញ្ជូនរបស់កីឡាករវ័យ ២១ឆ្នាំ Facundo Perez។ ជាមួយជ័យជម្នះនេះ ក្រុមអ៊ុយរូហ្គាយមាន ៤ពិន្ទុពីការប្រកួត៣លើក និងកំពុងឈរលេខ ៤បណ្តោះអាសន្ន។ ជាមួយគ្នានេះដែរ ការប្រកួតមួយគូទៀតនៅព្រឹកមិញនេះក្នុងពូល A ប៉ារ៉ាហ្គាយ រកបានជ័យជម្នះឡើងវិញ ២-០ ទល់នឹងក្រុមឈីលី បន្ទាប់ពីចាញ់អាហ្សង់ទីនកាលពីថ្ងៃអង្គារកន្លងទៅ។
ប្រកួតបន្ទាប់ក្រុមជម្រើសអ៊ុយរូហ្គាយ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ខណៈអាហ្សង់ទីនជួបក្រុមបាតតារាងបូលីវៀ នៅថ្ងៃអង្គារសប្តាហ៍ក្រោយដែលជាការប្រកួតបញ្ចប់វគ្គចែកពូល៕