វៀតណាមជំរុញពលរដ្ឋជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាព ខណៈព្យុះដែលមានល្បឿនខ្យល់ជិត២០០គីឡូម៉ែត្រក្នុងមួយម៉ោងមកកាន់តែកៀក
ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានជំរុញពលរដ្ឋខ្លួនជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈដែលព្យុះទីហ្វុង Noru ដែលមានល្បឿនដល់ទៅ ១៨៣គីឡូម៉ែត្រក្នុងមួយម៉ោងកំពុងខិតជិតដល់ប្រទេស។
នាយករដ្ឋមន្ត្រី Pham Minh Chinh បាននិយាយនៅក្នុងកិច្ចប្រជុំឆ្លើយតបគ្រោះមហន្តរាយកាលពីថ្ងៃអង្គារថា៖ «យើងមិនមានពេលច្រើនទេ។ ព្យុះកំពុងកាន់តែខ្លាំង ដូច្នេះការឆ្លើយតបរបស់យើងត្រូវតែខ្លាំង និងលឿនជាងមុន។ […] ការជម្លៀសត្រូវតែធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយនឹងអាទិភាពចម្បងគឺជីវិត និងទ្រព្យសម្បត្តិរបស់មនុស្ស»។
មកដល់ពេលនេះអាជ្ញាធរអាកាសចរណ៍របស់ប្រទេសវៀតណាមបានបិទអាកាសយានដ្ឋានចំនួនប្រាំបួននៅទូទាំងប្រទេសចាប់តាំងពីថ្ងៃអង្គារ ដោយបង្ខំឱ្យជើងហោះហើរក្នុងស្រុក និងអន្តរជាតិរាប់រយត្រូវបានលុបចោល។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធាប្រហែល ២៧ម៉ឺននាក់ត្រូវបានដាក់ឱ្យរង់ចាំសង្គ្រោះបន្ទាន់។
បើតាមទីភ្នាក់ងារឧតុនិយមបាននិយាយថា តំបន់ដែលរងគ្រោះខ្លាំងជាងគេត្រូវបានគេរំពឹងថាជាខេត្តភាគកណ្តាល Quang Ngai ដែលជាកន្លែងរបស់រោងចក្រចម្រាញ់ប្រេង Dung Quat និង Quang Nam ដែលជាកន្លែងបេតិកភណ្ឌពិភពលោកនៃទីក្រុង Hoi An។ បច្ចុប្បន្នមនុស្សជាង ១៣ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈមួយចំនួនបានយកឥដ្ឋ និងបាវខ្សាច់ការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេផងដែរ៕