សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋបាលខេត្តព្រះវិហារបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ក្នុងស្រុកឆែប

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ប្រកាសផ្អាកជាបណ្ដោះអាសន្ននូវរថយន្តដឹកធុនធ្ងន់គ្រប់ប្រភេទ កុំឱ្យមានការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែបដោយសារស្ថានភាពគ្រោះទឹកជំនន់។

សេចក្ដីជូនដំណឹងចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារឱ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងកំពុងបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នដែលធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ដូច្នេះអាជ្ញាធរនឹងធ្វើការបិទទាំងស្រុងជាបណ្ដោះអាសន្ននូវកំណាត់ផ្លូវជាតិលេខ៩ (ចាប់ពីគីឡូម៉ែត្រលេខ៥៦០ ដល់គីឡូម៉ែត្រលេខ៥៦១) ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សេចក្ដីជូនដំណឹងដដែល ឱ្យដឹងបន្ថែមថា ការបិទផ្អាកធ្វើចរាចរណ៍នេះគឺចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

គួរឱ្យដឹងថា តាមរយៈសេចក្ដីជូនដំណឹងរបស់់ក្រសួងធនធានទឹក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ដីពីស្ថានភាពអាកាសធាតុ ឱ្យដឹងថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្ដាខេត្តមួយចំនួននៅភាគពាយ័ព្យនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើនបូកផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃអាចនឹងបង្កឱ្យទីទំនាបជាប់ផ្លូវទឹកនិងផ្លូវទឹកភូមិសាស្ត្រនឹងប្រឈមជំនន់ទឹកភ្លៀង (Flash Flood) និងជំនន់ដោយបរិមាណទឹកហួសកម្រិត (Overflow)។

ក្នុងនោះមានដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ ខណៈបណ្ដាខេត្តផ្សេងទៀតនិងរាជធានីភ្នំពេញនឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរដោយលើកលែងតែបណ្ដាខេត្តជាប់មាត់សមុទ្រប៉ុណ្ណោះដែលអាចនឹងមានភ្លៀងធ្លាក់ច្រើន។

គួរបញ្ជាក់ថា កត្តាដែលបណ្ដាលឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពបែបនេះ ដោយសារតាមការព្យាករ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្យុះណូរុ (ដែលកើតនៅភាគខាងជើងប្រទេសហ្វីលីពីន) បានវិវត្តន៍ទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្ដាលវៀតណាម។

ជាមួយគ្នានោះ បន្ទាប់ពីឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គឡាវវានឹងថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត IS ឬសម្ពាធ TD និងសម្ពាធទាប ដោយក្រោយមកខ្យល់មូសុងនិរតីនឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់សមុទ្រចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក