
មន្ទីរសាធារណការខេត្តកំពង់ធំសម្រេចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រក្នុងខេត្តជាបណ្ដោះអាសន្ន
កំពង់ធំ៖ មន្ទីរសាធារណការខេត្តកំពង់ធំសម្រេចផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រក្នុងខេត្ត ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៦ ខែកញ្ញានេះ មន្ទីរសាធារណការខេត្តកំពង់ធំ បានផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ២២០ ដល់គីឡូម៉ែត្រលេខ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង និងនៅទីប្រជុំជនភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ក្រៅពីនេះក៏មានផ្លូវខេត្តលេខ២៦៤០ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង និងផ្លូវខេត្តលេខ២៦៤៤ ស្ថិតនៅក្នុងភូមិតាក្រាល ឃុំប្រឡាយ ស្រុកស្ទោង។
មន្ទីរបានបញ្ជាក់ថា ដោយស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឱ្យលិចលង់ នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ៕