ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អតីតប្រធានាធិបតីប្រទេសគុយបា លោក រ៉ាអ៊ួល កាស្រ្តូ ថាប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្លែងក្នុងជំនួបជាមួយលោក រ៉ាអ៊ួល កាស្រ្តូ នៅថ្ងៃទី២៤ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្ករគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។
សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា៖ «ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត»។
លោក រ៉ាអ៊ួល កាស្រ្តូ គឺជាប្អូនបង្កើតរបស់អតីតមេដឹកនាំដ៏ល្បីរបស់គុយបា លោក ហ្វីដែល កាស្រ្តូ។
លោក រ៉ាអ៊ូល មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកសួរសុខទុក្ខលោកដោយផ្ទាល់ដល់លំនៅដ្ឋាន និងបន្តថា លោកធ្លាប់បានធ្វើការងារជាច្រើនជាមួយបងប្រុសជាពិសេសធ្លាប់បានបកប្រែពេលលោក ហ្វីដែល កាស្រ្តូ បានជួបសម្តេចតេជោកាលពីទសវត្ស៨០ និងទសវត្ស៩០។
ក្នុងឱកាសនោះ សម្តេចតេជោ មានប្រសាសន៍ដែរថា សម្តេចពិតជាសោកស្តាយដែលសម្តេចមិនបានមកសួរសុខទុក្ខលោក ហ្វីដែល កាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសម្តេច និងលោក ហ្វីដែល កាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ នៅពេលនេះ សម្តេចមានការចងចាំជាច្រើន ជាពិសេសទំនាក់ទំនងរវាងសម្តេច និងលោកហ្វីដែល កាស្ត្រូ ដែលធ្លាប់បានចរចា និងពិភាក្សាគ្នាជាច្រើន៕