ភ្នំពេញ៖ ព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ បន្ទាប់ពីភ្លៀងបានចាក់ស្រោចឥតឈប់ឈរកាលពីយប់ គ្រាប់រ៉ុកែតបេ៤០ មួយក្នុងចំណោម ៤គ្រាប់ បានហោះកាត់ក្បួនឡានសម្ដេចតេជោ ក្នុងពេលសម្ដេចអញ្ជើញទៅចូលរួមប្រជុំសភាអាណត្តិទី២ ក្នុងខេត្តសៀមរាប នេះជាការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោកាលពី ២៣ឆ្នាំមុន។
ប្រវត្តិនៃការប៉ងធ្វើឃាត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។
សម្ដេចតេជោ តែងរំលឹកជារឿយៗពីប្រវត្តិដ៏សែនព្រឺព្រួចនេះ ដោយចាប់ផ្ដើមនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៨ ពេលដែលសម្ដេចតេជោទៅវត្តព្រះអង្គខ្មៅនៅក្នុងបរិវេណអង្គរធំ តាមផ្លូវទៅប្រាសាទបាយ័នដើម្បីចាក់គម្ពីរ។ គម្ពីរបង្ហាញថា «គេយកទៅសម្លាប់ តែបែរជាមិនស្លាប់ហើយត្រូវឡើងធ្វើស្ដេចទៀត»។
នៅពេលត្រលប់មកស្នាក់នៅសណ្ឋាគារវិញ យប់ថ្ងៃទី២៣ ឈានចូល ២៤ កញ្ញា មានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលសម្ដេចតេជោពណ៌នាថា ជាភ្លៀងស្ទើរបាក់មេឃតាំងពីយប់រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។ កិច្ចប្រជុំសភាអាណត្តិទី២ ត្រូវបានប្រព្រឹត្តិទៅនៅម៉ោង៩ ព្រឹកដោយគេតម្រូវឱ្យសម្ដេចតេជោត្រូវទៅមុនគេបង្អស់ ដែលវាខុសពីកម្មវិធីដែលគណបក្សឈ្នះឆ្នោតត្រូវទៅក្រោយគេ។
៤នាទីមុនម៉ោង៩ព្រឹក ក្នុងពេលដែលក្បួនរថយន្តសម្ដេចតេជោកំពុងធ្វើដំណើរទៅ រាជដំណាក់ព្រះបាទ នរោត្តម សីហនុ នៅជិតព្រះអង្គចេក ព្រះអង្គចម គ្រាប់រ៉ុកែតបេ៤០ មួយគ្រាប់ ក្នុងចំណោម ៤គ្រាប់បានហោះពីលើកំបូលឡានខាងមុខ បិះចំកញ្ចក់ខាងមុខ ផុតរថយន្តទៅផ្នែកខាងស្ដាំចូលផ្ទះពលរដ្ឋបានសម្លាប់ក្មេងម្នាក់ និងបង្ករបួសមនុស្សម្នាក់។
សម្ដេចតេជោ បានបញ្ជាឱ្យអ្នកបើកឡានឱ្យបន្តដំណើរទៅមុខទៀតដើម្បីចូលរួមប្រជុំសភា និងចូលរួមស្បថជាសមាជិករដ្ឋសភានៅមុខប្រាសាទអង្គរវត្តធម្មតា។
រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កញារីទ្ធ ដែលពេលនោះបានចូលរួមដំណើរជាមួយសម្ដេចតេជោ បានលើកឡើងថា គ្រាប់បេ ៤០ទាំងបួននោះត្រូវបានគេលាក់ក្នុងគុម្ភផ្កាក្រដាសអមផ្លូវ និងបញ្ជាដោយប្រព័ន្ធទូរស័ព្ទចល័ត តែសំណាងល្អដោយសារភ្លៀងកាលពីយប់ជោគជាំបានធ្វើឱ្យប្រព័ន្ធតខ្សែគ្រាប់ចំនួន៣មិនដំណើរការ ទើបសម្ដេចតេជោអាចរួចផុតពីគ្រោះអាក្រក់នេះ។
លោក ខៀវ កញារីទ្ធ លើកឡើងថា៖ «សំណាងដោយសារយប់នោះមានភ្លៀង ធ្វើឲ្យសើមប្រពន័្ធតខ្សែទើបផ្ទុះតែមួយគ្រាប់ខាងដើមបើផ្ទុះទាំង៤គ្រាប់ សម្តេចតេជោគ្មានសល់អីទេ (រថយន្តលោកជិះជារថយន្ត Land Cruiser ធម្មតាមិនមែនពាសដែកទេ)»។
រហូតមកដល់ពេលនេះមានរយៈពេល ២៤ឆ្នាំហើយនៃហេតុការប៉ុនប៉ងធ្វើឃាតនេះ មនុស្សម្នាក់ដែលត្រូវបានគេដាក់ការសង្ស័យចំពោះការប៉ុនប៉ងធ្វើឃាតមានឈ្មោះ សុខ យឿង ជាសកម្មជនរបស់គណបក្ស សម រង្ស៊ី ដែលពេលនេះកំពុងរស់នៅប្រទេសហ្វាំងឡង់។
ទោះជាយ៉ាងណាសម្ដេចតេជោ បានប្រកាសអហោសកម្មសកម្មចំពោះអ្នកដែលចង់ធ្វើឃាតសម្ដេចនោះផងដែរ បើទោះបីមានពន្លឺក្នុងការស៊ើបអង្កេតក៏ដោយ។
បុណ្យដែលអាចឡើងមកធ្វើជានាយករដ្ឋមន្ត្រីមិនមែនជាបុណ្យធម្មតានោះទេ។ សម្ដេចតេជោ បានរំលឹកទៅឆ្នាំ១៩៩២ នៅពេលដែលមានចិនម្នាក់មកទាយឱ្យសម្ដេចថា សម្ដេចជួបការលំបាកណាស់នៅក្នុងអាយុ ៤៦ឆ្នាំ តែបន្ទាប់ពីផុតពីអាយុ ៤៦ឆ្នាំ គឺគ្មានអ្នកណាអាចធ្វើអ្វីសម្ដេចតេជោបានឡើយ។
សម្ដេចតេជោបានថ្លែងក្នុងកម្មវិធីមួយនៅខេត្តសៀមរាប កាលពីឆ្នាំ២០១៨ ថា៖ «កុំតែបានភ្លៀងនេះ អាចថាទេវតាជួយអ្នកតាមថែរក្សាខ្ញុំ ឬបារមីការពារព្រះរាជាណាចក្រអង្គរ ទុកម្នាក់នេះឱ្យបង្ក្រាបពួកទមិឡទាំងឡាយ។ […] នៅពេលដែលគេបាញ់ខ្ញុំហ្នឹងគឺនៅពេលដែលខ្ញុំអាយុ ៤៦ឆ្នាំតែម្ដង អញ្ចឹងតាំងពីពេលហ្នឹងមកអ្នកដែលលេងជាមួយខ្ញុំទាំងប៉ុន្មានគឺថាតែងតែវាទៅដែរ នេះតាមអាគមផ្សំអាយុទេ! ហើយគម្ពីរហ្នឹងចាក់ចំគេយកទៅសម្លាប់ បែរជាមិនស្លាប់បានធ្វើស្ដេច វាទៅជាអញ្ចេស» ៕