ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ឱ្យដឹងថាកម្ពុជាប្ដេជ្ញាទប់ស្កាត់ភាពស៊ាំនៃមេរោគ ដោយថាការកើនឡើងនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវនៅតែបន្តកើតមាន។
សេចក្ដីជូនព័ត៌មានចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីព្រឹត្តិការណ៍ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ឱ្យដឹងថា ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកគឺជាកង្វល់សុខភាពសាធារណៈទាំងមុន អំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។
ក្នុងនោះក្រសួងបានសហការជាមួយស្ថាប័នពាក់ព័ន្ធដោយប្ដេជ្ញាដោះស្រាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកនៅកម្ពុជា។
សេចក្ដីជូនព័ត៌មាន ដដែលឱ្យដឹងថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកនេះ ដោយសារមើលឃើញពីការកើនឡើងនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសការព្យាបាលដោយខ្លួនឯងដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។
គួរឱ្យដឹងថា ការប្រាស្រ័យទំនាក់ទំនងហានិភ័យសុខភាពបណ្ដាលមកពីការប្រើប្រាស់ឱសថគ្មានវេជ្ជបញ្ជា និងការត្រួតពិនិត្យត្រឹមត្រូវដោយមានយន្តការសមស្របនៅក្នុងប្រទេសនិងក្នុងតំបន់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយឱ្យបានប្រសើរឡើងនូវបញ្ហានេះ ក៏ដូចជាជាការអនុវត្តគោលការណ៍ណែនាំការព្យាបាលសមស្របដោយអ្នកផ្ដល់សេវា ថែទាំសុខភាព និងដោយបុគ្គលម្នាក់ៗផងដែរ។
យ៉ាងណាមិញ អ្នកស្រី ឱ វណ្ណឌីន ឱ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកនៅក្នុងតំបន់់ ដោយក្រសួងមានជាសារគន្លឹះ និងកិច្ចការសំខាន់ៗដែលជាជំហានបន្ទាប់ដែលត្រូវធ្វើដូចតទៅ។
សម្រាប់សារគន្លឹះ ក្រសួងសុខាភិបាល ឱ្យដឹងថា AMR បានក្លាយជាការគំរាមកំហែងដ៏ស្មុគស្មាញ និងជាភាពបន្ទាន់ដ៏មានសក្តានុពលនាពេលអនាគតដែលតម្រូវឱ្យមានការឆ្លើយតបច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការអនុវត្តផែនការសកម្មភាពពហុវិស័យ ក្នុងការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) និងការបន្តសហការជាមួយអង្គការសុខភាពពិភពលោក (WHO) និងដៃគូផ្សេងទៀត។
យ៉ាងណាមិញ ក្រសួងឱ្យដឹងទៀតថា ការទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក ត្រូវបានកំណត់ជាសកម្មភាពអាទិភាពមួយនៅក្នុងផែនការយុទ្ធសាស្រ្តសុខាភិបាលកម្ពុជាសម្រាប់ឆ្នាំ២០២១-២០៣០ និងស្របតាមអាទិភាពនៅក្នុងតំបន់ដែលបានបង្ហាញនៅក្នុងឯកសារចក្ខុវិស័យ «សម្រាប់អនាគត» របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច។
តាមរយៈនេះ ក្រសួងសុខាភិបាលកម្ពុជា ថានឹងបន្តពង្រឹងយន្តការសម្របសម្រួលអភិបាលកិច្ចសម្រាប់One Health រួមទាំង (AMR) តាមរយៈការបង្កើត Inter-Ministerial Coordination Committee (IMCC) ដើម្បីធានាឱ្យមានរចនាសម្ព័ន្ធអភិបាលកិច្ច និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងភាពស៊ាំនៃមេរោគទៅនឹងថ្នាំងង់ទីប៊ីយ៉ូទីក (AMR)។
មួយវិញទៀត គឺការពិនិត្យឡើងវិញលើក្របខណ្ឌដែលមានស្រាប់ ការរៀបចំសេចក្ដីព្រាងយុទ្ធសាស្រ្តទំនាក់ទំនង ការពង្រឹងការត្រួតពិនិត្យបន្ទុកភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកនៅកម្ពុជា ការប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់នៅក្នុងប្រទេសដើម្បីបង្កើនសមត្ថភាពក្នុងការឃ្លាំមើលនិងការឆ្លើយតបការផ្ទុះឡើងនូវភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក ការបន្តប្រើប្រាស់វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ធ្វើការផ្សព្វផ្សាយនិងជំរុញការយល់ដឹង ក៏ដូចជាការលើកទឹកចិត្តដល់ភាពជាដៃគូដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតប។
ជាចុងក្រោយ តំណាងនាមឱ្យនាយករដ្ឋមន្ត្រី លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថាប្រទេសកម្ពុជាបានអនុវត្តសកម្មភាព គោលនយោបាយ និងវិធីសាស្ត្រពហុវិស័យដែលសម្របសម្រួលដោយក្រសួងក្នុងការអនុវត្តទាំងក្នុងវិស័យសុខាភិបាល និងជាមួយវិស័យផ្សេងៗទៀតដើម្បីដោះស្រាយទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីកនេះ៕