ព្រះសីហនុ៖ រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាបានថ្លែងសុំទោសប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ដែលមានចំងាយជាង ២០គីឡូ ដែលក្រសួងសាធារណការមិនអាចសាងសង់ផ្លូវនេះឱ្យជាប់បានដោយសារស្ថានភាពដីនៅតំបន់មិនអំណោយផលសម្រាប់ផ្លូវធម្មតា។
ថ្លែងក្នុងពេលចុះពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ស្ថានភាពដីពីកំពតទៅវាលរេញជាស្ថានភាពដីស្អុយដែលត្រូវការចាក់គ្រឹះដើម្បីធ្វើផ្លូវដែលត្រូវចំណាយលុយច្រើនក្នុងការសាងសង់។
លោកបន្ថែមថាបច្ចុប្បន្នលោកបានស្នើសុំទៅក្រុមហ៊ុនចិនដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឱ្យជួយជុសជុលសម្រួលឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានស្រួលផងដែរ។
លោកថា៖ «ផ្លូវនេះនិយាយតាមត្រង់ចុះ សម្រួលថ្ងៃនេះ មួយអាទិត្យក្រោយ មួយខែក្រោយគឺខ្ទេចអស់ដោយសារដីវាផុយស្អុយនៅក្រោម។ យើងមើលឡានបើកទៅអញ្ចឹងវាផតដល់ឡានទៅបាត់វាឡើងវិញ អាហ្នឹង ៥គីឡូម៉ែត្រវាអញ្ចឹង ហើយមិនមែនថាយើងមិនចេះធ្វើទេយើងចេះធ្វើប៉ុន្ដែយើងត្រូវធ្វើថវិកាឱ្យត្រឹមត្រូវ»។
បើតាមលោកទេសរដ្ឋមន្ត្រីផ្លូវនេះធ្វើតាំងពីសម័យឆ្នាំ១៩៦០ រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនពីធនាគារពិភពលោក ក្រុមហ៊ុនកូរ៉េ សាងសង់ក៏មិនជាប់មាំទាំដូចគ្នា។
លោករដ្ឋមន្ត្រីបានបង្ហាញនូវទំនួលខុសត្រូវចំពោះបញ្ហានេះ ដោយបានសុំទោសដល់ប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។
លោកថា៖ «យើងខ្ញុំពិបាកចិត្តណាស់! ខ្ញុំបានលើកឡើងពេលខ្ញុំទៅផ្លូវជាតិលេខ៣ ខ្ញុំថាខ្ញុំសុំទោសនេះជាការអាម៉ាស់មុខមួយដ៏ធំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលធ្វើផ្លូវនេះមិនបានជាប់ មិនបានរឹងមាំ ដោយសារតែថវិកាមិនបានគ្រប់គ្រាន់តាមលក្ខណៈបច្ចេកទេសដែលយើងត្រូវតែធ្វើ»។
បើតាមលោករដ្ឋមន្ត្រីក្នុងប្រវែងផ្លូវប្រមាណ ២០គីឡូម៉ែត្រ មានដីផ្លូវប្រវែងប្រមាណ ៥គីឡូម៉ែត្រដែលជាដីស្អុយទន់ធ្វើឱ្យប៉ះពាល់ដល់សំណង់ផ្លូវ និងថាប្រសិនជាចង់ធ្វើផ្លូវនេះឱ្យជាប់មាំទាំត្រូវសាងសង់ជាស្ពានចូលក្នុងដី ដោយចាក់គ្រឹះបញ្ចូល៕