ញ៉ូវយ៉ក៖ នាយករដ្ឋមន្រ្តីនិងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះបង់ក្លាដែសដែលបានផ្ដល់ជាជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសដល់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំកម្ពុជានិងបងក្លាដែស នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីកម្ពូជា បានថ្លែងអំណរគុណដល់នាយករដ្ឋមន្រ្តីបង់ក្លាដែសក្នុងការដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ដើម្បីចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ជាមួយគ្នានោះ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសមីយ៉ាន់ម៉ាចំនួន ១លានដូសផងដែរ។
គួរឱ្យដឹងថា ជំនួបពិភាក្សាទ្វេភាគីនេះបានប្រព្រឹត្តិទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ (ពេលវេលានៅអាមេរិក) ត្រូវនឹងទៀបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ (វេលានៅកម្ពុជា) ដោយមានការអញ្ជើញចូលរួមដោយ នាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងនាយករដ្ឋមន្ត្រីបង់ក្លាដែស អ្នកស្រី Sheikh HASINA៕