
នាយករដ្ឋមន្ត្រីចាប់ផ្ដើមជួបជាមួយមន្ត្រីជាន់ខ្ពស់ UN នឹងចុះហត្ថលេខាលើក្រាំងមាសអង្គការសហប្រជាជាតិ
ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់សម្ដេចនៅអង្គការសហប្រជាជាតិ ដោយជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃអង្គការនេះ រួមទាំងចុះហត្ថលេខាលើក្រាំងមាសអង្គការសហប្រជាជាតិផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះសម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយ អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិលោក Achim Steiner
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងបានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស របស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»។
គួរឱ្យដឹងថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក៕