ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ខៀវ សំផន ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារមួយជីវិត បិទបញ្ចប់សំណុំរឿងចុងក្រោយនៃសាលាក្ដីខ្មែរក្រហម

ភ្នំពេញ៖ តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចផ្តន្ទាទោស ប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២/០២ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

អង្គុយលើកៅអីរុញ ពាក់កាសស្ដាប់ត្រចៀក ស្ទើរតែគ្មានកម្លាំងម្ដងៗ ខៀវ សំផន ត្រូវបានចៅក្រម គង់ ស្រ៊ីម ប្រកាសតម្កល់ពិរុទ្ធភាពក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងបទប្រល័យពូជសាសន៍ និងប្រកាសទោសដាក់ពន្ធនាគារអស់មួយជីវិតលើ ខៀវ សំផន ដោយអង្គជំនុំជម្រះសាលាដំបូង និងត្រូវអនុវត្តទោសត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១។

ចៅក្រមបានបង្គាប់ថា៖ «ខៀវ សំផន ត្រូវស្ថិតនៅក្នុងមន្ទីរឃុំឃាំង អ.វ.ត.ក រង់ចាំការចេញសាលដីការមានសំអាងហេតុពេញលេញ និងការបញ្ចប់នូវការរៀបចំសម្រាប់ការផ្ទេរដោយអនុលោមតាមច្បាប់ទៅពន្ធនាគារដែលគាត់ត្រូវបន្តអនុវត្តទោសរបស់គាត់»

បន្ទាប់ពីការប្រកាសសាលដីកាឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias បានថ្លែងថានេះគឺជាសមិទ្ធផលដ៏ធំធេងរបស់សាលាក្ដីខ្មែរក្រហម។

លោកថា៖ «ការប្រកាសសាលដីកានៅថ្ងៃនេះឆ្លុះបញ្ចាំពីការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការធានាឱ្យមានយុត្តិធម៌ជូនប្រជាជនកម្ពុជាចំពោះឧក្រិដ្ឋកម្មដ៏រន្ធត់ដែលបានប្រព្រឹត្តិក្នុងអំឡុងរបបខ្មែរក្រហម»

ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកសាលាក្ដីខ្មែរក្រហម លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ក៏បានថ្លែងផងដែរថា ថ្ងៃនេះជាថ្ងៃបិទទំព័រដ៏ខ្មៅងងឹតសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិទាំងមូលក្នុងការស្វែងរកយុត្តិធម៌។

លោកថា៖ «ការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបានផ្ដល់នូវការចូលរួមនូវការពង្រឹងសន្ដិភាព ស្ថិរភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងធានាកុំឱ្យមានសោកនាដកម្មបែបនេះកើតឡើងសារជាថ្មីនៅទីនេះឬនៅទីណាទាំងអស់នៅក្នុងពិភពលោក»

លោក ខៀវ សំផន គឺជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមចុងក្រោយដែលត្រូវបានតុលាការខ្មែរក្រហមផ្តន្ទាទោស ខណៈមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតដូចជា លោក នួន ជា លោក អៀង សារី និងភរិយាអ្នកស្រី អៀង ធារិទ្ធ បានស្លាប់ក្នុងពេលតុលាការដំណើរការសវនាការ។

កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ លោក ខៀវ សំផន បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។

បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បានក្លាយទៅជាសាស្ត្រាចារ្យបន្ទាប់មកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ១៩៦២ ក្នុងរបបសង្គមរាស្រ្តនិយម។ ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ ដោយមានការគំរាមកំហែងពីកងកម្លាំងសន្តិសុខរបស់សម្តេច សីហនុ ហើយលេចមុខជាថ្មី ជាមួយចលនាតស៊ូរបស់់ខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៦ គាត់ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៨៧ គាត់បាន ជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅ ឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស។

បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិន រហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក