ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ៩ព្រឹក សម្លេងមនុស្សអ៊ួរអរត្រូវបានបន្លឺឡើងមិនដាច់នៅក្នុងបរិវេណវត្តទួលសន្តិវ័ន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្រួសារ មិត្តភក្តិ និងបងប្អូនមកជួបជុំគ្នាដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ ខណៈពលរដ្ឋខ្លះលក់ដូរសម្ភារៈគ្រឿងសក្ការផ្សេងៗដូចជាផ្កាឈូក ធូបទៀន អាហារ និងរបស់របរផ្សេងៗមួយចំនួនទៀត។
អំឡុងពេលនោះ ព្រះសង្ឃក៏កំពុងតែមមារញឹកឱ្យពរដល់ពុទ្ធបរិស័ទដែលបានយកចង្ហាន់ទៅប្រគេនព្រះអង្គ ខណៈពលរដ្ឋខ្លះបាននឹងកំពុងអុជធូបបួងសួង រីឯខ្លះទៀតកំពុងរាប់បាត្រ។
គេសង្កេតឃើញថាពុទ្ធបរិស័ទទាំងវ័យក្មេង និងវ័យចំណាស់ ហាក់បង្ហាញស្មាមញញឹម និងសេចក្តីសប្បាយរីករាយ សម្រាប់រដូវកាលបុណ្យប្រពៃណីខ្មែរមួយនេះ ខណៈបុណ្យនេះធ្លាប់ត្រូវបានរាជរដ្ឋាភិបាលប្រកាសឱ្យផ្អាកពិធីបុណ្យនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឱ្យពលរដ្ឋជាច្រើនត្រូវបានខកខានទៅវត្តអារាម។
ដោយកាលនោះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចជាផ្លូវការមួយ ដោយផ្អាកឱ្យមានការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកនិងរាតត្បាតខ្លាំង។ ក្នុងនោះ រដ្ឋាភិបាលក៏បានចេញបញ្ជាឱ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់ព្រះសង្ឃនៅតាមបណ្ដាវត្តអារាមនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
កំពុងអង្គុយផ្អែកខ្នងនឹងសសរវិហារ ដោយស្លៀកសំពត់ហូលពណ៌ទឹកប៊ិចក្រម៉ៅ ពាក់អាវប៉ាក់និងវេញក្រម៉ាបង់ក ពណ៌ស នោះគឺអ្នកស្រី ម៉ម យ៉ុម ដែលមានវ័យ ៧៨ឆ្នាំ និងមានទីលំនៅក្នុងខណ្ឌឫស្សីកែវ ដែលមិនឆ្ងាយពីវត្តទួលសន្តិវ័នប៉ុន្មាននោះទេ។ អ្នកស្រីបានរៀបរាប់ដោយបង្ហាញនូវស្មាមញញឹម និងប្រាប់ថាគ្មានពាក្យអ្វីក្រៅពីក្តីរំភើប ដែលអាចត្រឡប់មកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅទីវត្តអារាមឡើងវិញ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
អ្នកស្រីថា៖ «ខ្ញុំមានការយល់ឃើញថាសប្បាយរំភើបក្នុងចិត្តណាចៅ! សប្បាយណាស់ ពីឆ្នាំមុនៗមកកូវីដ-១៩ យាយមិនសូវបានមកវត្តទេ ប៉ុន្តែឆ្នាំនេះរដ្ឋាភិបាលបើកឱ្យបានបុណ្យទានហ្នឹង!យាយមានចិត្តរំភើបណាស់ចៅ សប្បាយក្នុងចិត្ត បានឃើញបងប្អូនមកវត្តកុះករអញ្ចឹង!»។
ជាមួយគ្នា អ្នកស្រី ម៉ម យ៉ុម បានរម្លឹកថា កាលពីឆ្នាំមុនដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមដ៏កាចសាហាវកូវីដ-១៩ អ្នកស្រីពុំបានប្រារព្ធពិធីសាសនាផ្សេងៗ ឬប្រគេនចង្ហាន់ដល់ព្រះសង្ឃឱ្យបានពេញលេញនោះទេ ដោយត្រូវប្រញ៉ាប់ប្រញ៉ាល់មកផ្ទះវិញភ្លាមៗ។
ទន្ទឹមនោះពុទ្ធបរិស័ទម្នាក់ទៀត លោក វឿន វិទូ អាយុ ៤៤ឆ្នាំ ក៏បានបង្ហាញអារម្មណ៍រីករាយដែលអាចធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិការដែលបានចែកឋានទៅ ជាពិសេសលោកអាចធ្វើចង្ហាន់មកប្រគេន ដល់ព្រះសង្ឃ មិនដូចកាលពីឆ្នាំ២០២១ កន្លងទៅឡើយ។ ក្នុងនោះលោកថា កាលពីឆ្នាំមុនមានការលំបាកសម្រាប់ការយកចង្ហាន់មកប្រគេនព្រះសង្ឃ ដោយត្រូវមានការដាក់វេនគ្នា និងរងភាពភ័យខ្លាចនៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
លោកថា៖ «កាលជំនាន់កូវីដហ្នឹង គឺវាពិបាកសម្រាប់ពួកយើងដែរ ដោយសារតែពេលយើងត្រូវមកយើងត្រូវដាក់វេនគ្នា។ មានន័យថា ដាក់វេនគ្នាហើយ ហើយការមកគឺអត់ហ៊ាននៅយូរហើយអត់បានជួបជុំឫការប្រគេន ដូចថាពិបាកសម្រាប់ពួកយើងដែរបាទ»។
យ៉ាងណាមិញ បុរសវ័យ ៤៤ឆ្នាំរូបនេះ កត់សម្គាល់ឃើញថាការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងវត្តនានា ដូចជាវត្តទួលសន្តិវ័នជាដើមនោះ គឺបានចាត់ចែងបានយ៉ាងល្អ ដោយមានប្រជាសន្តិសុខសម្រាប់ការពារសណ្តាប់ធ្នាប់ ក៏ដូចជាការណែនាំឱ្យអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដោយមានដាក់នូវទឹកអាល់លាងដៃ និងម៉ាសជាដើម។ ក្នុងនោះលោកក៏សង្កេតឃើញថា ប្រជាពលរដ្ឋក៏មានការការពារខ្លួនឯងបានល្អផងដែរ។
លោកថា៖ «សម្រាប់ការយើងមកនេះ គឺឃើញថាខាងអ្នកចាត់ចែងខាងវត្ត មានន័យថាគាត់បានរៀបចំទៅលើសន្តិសុខឫមួយក៏សណ្ដាប់ធ្នាប់អ្វីផ្សេងបានល្អហើយនឹងការការពារ ហើយនឹងការណែនាំអីអញ្ចឹង![...] បាទ!មើលទៅឃើញដូចថាគាត់ការពាររៀងខ្លួននិងជួយការពាររៀងៗខ្លួនដែរទាំងខាងវត្ត ទាំងខាងអ្នកដែលមក»។
យ៉ាងណា លោក វឿន វិទូ ក៏បានផ្ដាំផ្ញើរទៅកាន់ប្រជាពលរដ្ឋខ្មែរផ្សេងទៀតឱ្យបន្តចូលរួមរក្សាសុវត្ថិភាពអនាម័យខ្លួនតាមរយៈ ៣កុំ ៣ការពារ ដើម្បីឱ្យការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងការជួបជុំគ្រួសារពោរពេញដោយសេចក្ដីរីករាយ និងចាកឆ្ងាយពីជំងឹកូវីដ-១៩ ទាំងអស់គ្នា។
តាមរយៈសារសម្លេងពិសេសកាលថ្ងៃទី១២ ខែកញ្ញាថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ឱ្យបន្តនូវវិធានការរបស់ក្រសួងសុខាភិបាលនោពេលធ្វើដំណើរទៅកាន់ទីវត្តអារាម ឫទីកន្លែងនានាដែលតម្រូវឱ្យមានការចូលរួមយកចិត្តទុកដាក់ខ្ពស់។ ជាពិសេសប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ទៅលើការការពារកុំឱ្យមានការរីករាលការឆ្លងពីខាងក្រៅទៅទីអារាម ឬពីទីអារាមទៅកាន់លំនៅដ្ឋានវិញ ទោះបីថា ជំងឺឆ្លងនេះវាឋិតនៅហានិភ័យទាបក៏ដោយ។
សម្ដេចតេជោ សង្ឃឹមថាប្រជាពលរដ្ឋនឹងមានការយោគយល់នឹងយកចិត្តទុកដាក់ក្នុងការការពារខ្លួនតាមរយៈការបន្តអនុវត្តនូវវិធានការដែលក្រសួងសុខាភិបាល បានចេញផ្សាយកន្លងមក ក៏ដូចជាការរៀបចំឱ្យបានល្អនៅតាមទីវត្តអារាមនានាផងដែរ។ ទន្ទឹមនោះ ប្រមុខរដ្ឋាភិបាល ក៏បានស្នើឱ្យអាជ្ញាធរនិងផ្នែកសុខាភិបាលត្រូវបន្តការយកចិត្តទុកដាក់ធ្វើការចុះត្រួតពិនិត្យមើលជាប្រចាំដើម្បីចៀសវាងការកក្រើកឡើងវិញនៃការប្រមូលផ្ដុំប្រជាពលរដ្ឋនៅតាមទីអារាម និងការបន្ត៣កុំ ៣ការពារផងដែរ។
កំពុងមមាញឹកចាត់ចែងកម្មវិធីបុណ្យកាន់បិណ្ឌវេនទី១០ គណៈកម្មការវត្តទួលសន្តិវ័ន (អតីតវត្តទួលអស់លោក) លោក អ៊ុក សន្ធឹក អាយុ ៧៩ឆ្នាំ បានឱ្យដឹងថា លោកមានសេចក្ដីសោមនស្សរីករាយនិងអំណរគុណជាខ្លាំងដល់រាជរដ្ឋាភិបាលដែលបានបើកឱ្យមានការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឡើងវិញ។ ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះសុខភាពសាធារណៈលើការដាក់អនុវត្តវិធានការ ៣កុំ ៣ការពារ។
លោកថា៖ «គណៈកម្មការយើងខ្ញុំបានរៀបចំជែល រៀបចំអាល់កុលសម្រាប់ដាក់ជូនដល់បងប្អូនដែលអញ្ជើញមក។ អញ្ចឹង! គឺថាសប្បាយរីករាយណាស់ បើនិយាយទៅគឺសប្បាយរីករាយណាស់ចំពោះគោលការណ៍របស់រាជរដ្ឋាភិបាលដែលអនុញ្ញាតិឱ្យប្រជាពុទ្ធបរិស័ទក៏ដូចជាប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាមកអនុវត្តក៏ដូចជាចូលមកកម្មវិធីបុណ្យទៅតាមវត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
គណៈកម្មការវត្តទួលសន្តិវ័នដដែល បានឱ្យដឹងថា វត្តទួលសន្តិវ័នតែងតែមានប្រជាបរិស័ទមកជាប្រចាំមិនថាក្នុងពិធីបុណ្យសាសនាធំៗ ឬថ្ងៃសីលក្ដី។ មួយវិញទៀត លោកចាត់ទុកថាពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មនុស្សបានមកជួបជុំគ្នាសប្បាយកុះករជាងឆ្នាំមុន។ ប៉ុន្តែលោកថា ទោះបីជាសប្បាយយ៉ាងណាក៏អត់ភ្លេចការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលដែរ។
លោក អ៊ុក សន្ធឹក បានរម្លឹកដែរ កាលពីឆ្នាំ២០២១ កន្លងទៅ ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ ការរៀបចំពីធីបុណ្យភ្ជុំបិណ្ឌគឺមានផលលំបាកច្រើន ដោយសារមិនអាចរៀបចំនៅលើសាលាឆាន់ដូចរាល់ឆ្នាំបាន ព្រោះតែភ័យខ្លាចនឹងការឆ្លងរាលដាល។
គួរឱ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌ ឬហៅថា ពិធីសែនដូនតា គឺជាអរិយធម៌នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់ទៅ ដោយពិធីបុណ្យនេះបានប្រារព្ធ ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ នៅចន្លោះខែកញ្ញា និងខែតុលា។ ពិធីបុណ្យនេះ គឺជាពិធីបុណ្យប្រពៃណីខ្មែរមួយដែលមានរយៈពេលវែងជាងគេរហូតដល់១៥ថ្ងៃ។
យ៉ាងណាមិញ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដងផងដែរ។
ងាកមកលោក អ៊ុក សន្ធឹក គណៈកម្មការវត្តទួលសន្តិវ័ន (អតីតវត្តទួលអស់លោក) ក៏បានអំពាវនាវឱ្យពុទ្ធបរិស័ទទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះការបើកបរ និងសកម្មភាពផ្សេងៗដែលអាចបង្កជាគ្រោះថ្នាក់ដោយចៃដន្យណាមួយ។ មួយវិញទៀត គួរចេះអត់ឱនអធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាពិសេសលោកក៏មិនភ្លេចពីជំងឺកូវីដ-១៩ ដែរដោយនៅតែណែនាំឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។
លោកថា៖ «ជាចុងក្រោយ ក៏សូមអំពាវនាវដល់បងប្អូនទូទាំងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាឧបាសកឧបាសិកាទាំងអស់ អញ្ជើញមកវត្តគ្រប់វត្ត សូមកុំប្រហែស កុំប្រមាថចំពោះអាកូវីដ ព្រោះអាកូវីដ អត់ភ្លេចយើងនោះទេ»។
ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងការសម្រេចដែលមានការទទួលខុសត្រូវខ្ពស់របស់សម្ដេចកាលពីឆ្នាំ២០២១ ទើបនៅឆ្នាំ២០២២ ពលរដ្ឋអាចចេញដើរលេងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌបានដោយរីករាយ។ សម្ដេចថានេះជាអ្វីដែលពលរដ្ឋអាចដឹងច្បាស់ហើយពីការសម្រេចរបស់សម្ដេចមិនឲ្យមានការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន។
សម្ដេចតេជោថា៖ «កាលពីចូលភ្ជុំឆ្នាំទៅ ដោយ ហ៊ុន សែន បានស្នើសុំឲ្យខិតខំរក្សារហូតដល់បងប្អូនមិនបានយកប្រគេនចង្ហាន់លោកផ្ទាល់។ ក៏ប៉ុន្តែការពារអាយុជីវិតបងប្អូនបាន។ ដោយសារការពារជីវិតនោះហើយទើបបាន មានបានដាក់បិណ្ឌបានរាល់ថ្ងៃនេះរហូតទៅដល់ភ្ជុំ។ បើការពារអាយុជីវិតមិនបាន កុំនិយាយដល់រឿងសិទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សអីនោះ។ សិទ្ធិធំជាងគេ សិទ្ធិរស់រានមានជីវិតនេះឯង»៕