ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើកត្តា ៥សំខាន់សម្រាប់ការស្ដារឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា ក្រោយពេលស្ថានភាពកូវីដ-១៩ បានធូរស្រាលក្នុងឆ្នាំ២០២២នេះ។
សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» រាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ពីកត្តាមួយចំនួនស្របពេលដែលឆ្នាំនេះត្រូវបានកំណត់ជាឆ្នាំដំបូងស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ (Recovery) ឈរលើទស្សនៈអនាគត «អនាគតទេសចរណ៍ ចាប់ផ្ដើមពីថ្ងៃនេះ»។
ជាមួយគ្នានោះ កត្តាចម្បងគឺជំរុញការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ក៏ដូចជាជំរុញការផ្សព្វផ្សាយតាមគ្រប់រូបភាព។
មួយវិញទៀត គឺជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីសង្វាក់រួមគ្នាដោយឈរលើអភិក្រម «ពីក្រោមឡើងលើ» (Bottom-up Approach) នៅតាមគោលដៅទេសចរណ៍អាទិភាព ដោយត្រូវពង្រឹងការរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO)។
ជាពិសេសគឺការផ្ដល់អាទិភាពដល់ការជំរុញឌីជីថលរូបនីយកម្មនៅក្នុងដំណើរការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពធន់ ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង ក៏ដូចជាគាំទ្រដល់ការកសាងសេដ្ឋកិច្ចសង្គមឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា។
ក្នុងនោះ ចំពោះការប្រែប្រួលដ៏ឆាប់រហ័សនៃឧស្សាហកម្មធ្វើដំណើរនិងទេសចរណ៍ គឺតម្រូវឱ្យមានអ្នកជំនាញទេសចរណ៍ ដែលមានចំណេះដឹងនិងជំនាញថ្មីៗដើម្បីផ្ដល់លទ្ធភាពឱ្យកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែនទៅតាមនិន្នាការទេសចរណ៍។
ចុងក្រោយ គឺការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីរួមមាន កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន (ASEAN) អេកម៉ិច (ACMECS) CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) និងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀត ដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា។