ភ្នំពេញ: មេធាវីរបស់សកម្មជនទាំង៣រូបរបស់អង្គការមាតាធម្មជាតិកំពុងមមាញឹករៀបចំការប្តឹងឧទ្ធរណ៍សុំដើម្បីឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំ។ លោកមេធាវី សំ សុខគង់ ត្រូវបានផ្តល់បទសំភាសន៍ទៅសារព័ត៌មានមួយថា «ការចោទប្រកាន់នេះមានលក្ខណៈធ្ងន់ធ្ងរហើយការងាររបស់ពួកគាត់នេះគឺជាការងារដែលបង្កើតជាចលនាមហាជនដើម្បីការពារនូវបរិស្ថាន»។
លោកមេធាវីនៅមិនទាន់អាចធ្វើអត្ថាធិប្បាយលើព័ត៌មានកាលពីយប់ថ្ងៃពុធ ដែលប្រកាសដោយក្រសួងព័ត៌មានថាសកម្មជនមាតាធម្មជាតិ៣នាក់បានសារភាពនោះទេបើទោះបីមិនមានព័ត៌មានលំអិតណាមួយត្រូវបានបង្ហាញអំពីលក្ខណៈនៃចម្លើយសារភាពទាំងនោះក៏ដោយ។
ស៊ុន រដ្ឋា អាយុ២៦ឆ្នាំ និងយឹម លាងហ៊ី អាយុ៣២ឆ្នាំ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៤៣៧ (ស្ទួន) និងមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។ លី ច័ន្ទដារ៉ាវុត អាយុ២១ឆ្នាំ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ រួមគំនិតក្បត់ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៤៣ នៃក្រមព្រហ្មទណ្ឌ។ ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ ស្ថាបនិកអង្គការមាតាធម្មជាតិអាឡេហ្សង់ ដូហ្គូនហ្សាឡេស-ដាវីដសុន ត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៥ ហើយត្រូវបានចោទប្រកាន់ដោយកំបាំងមុខ។
នៅក្នុងប្រកាសព័ត៌មានកាលពីយប់ថ្ងៃពុធ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា «ចម្លើយសារភាពរបស់ជនសង្ស័យ ទាំង០៣រូប ក៏បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយឈានទៅផ្ដួលរលំរាជរដ្ឋាភិបាលតាមវិធានការផ្ទុយនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។ បើទោះបីយ៉ាងនេះក្តីនៅមិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីចម្លើយសារភាពនោះទេ។
កាលពីដើមសប្តាហ៍នេះ មានបង្ហាញភ័ស្តុតាងនៃការប្រជុំតាមរយៈ Zoom ដែលសកម្មជនបានធ្វើឡើងកាលពីខែឧសភា ឆ្នាំនេះដែលបង្ហាញពីការប្រមាថព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលបានចាត់ទុកសកម្មភាពរបស់អង្គការមាតាធម្មជាតិជាអំពើខុសច្បាប់ដោយបានហាមឃាត់អង្គការនេះនៅពេលដែល ដាវីតសុន ត្រូវបាននិរទេសកាលពី ៦ឆ្នាំមុន ប៉ុន្តែក្រុមនេះនៅតែសកម្មនៅលើហ្វេសប៊ុកនិងនៅលើគេហទំព័រ។
ការចាប់ខ្លួនសកម្មជនវ័យក្មេង ត្រូវបានលើកឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ កាលពីថ្ងៃពុធ ដែលបានជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ ក្រោយមកលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស បានប្រាប់អ្នកយកព័ត៌មាន ថាចក្រភពអង់គ្លេសនិងរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងគ្នាដើម្បីពិភាក្សាអំពីសិទ្ធិមនុស្ស។ លោកក៏បានបញ្ជាក់ផងដែរថាលោកពិតជាបានលើកឡើងពីការព្រួយបារម្ភរបស់រដ្ឋាភិបាលអង់គ្លេសជុំវិញការស៊ើបអង្កេតការឃុំខ្លួននិងការកាត់ទោសសកម្មជនអង្គការមាតាធម្មជាតិ។
លោក រ៉ាអាប់ និយាយថា គាត់បានធ្វើទឡ្ហីករណ៍ថា ការរិះគន់របស់ក្រុមប្រឆាំងនិងការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយអាចជារឿងឈឺចាប់ប៉ុន្តែវាអាចរួមចំណែកដល់ការត្រួតពិនិត្យរបស់រដ្ឋាភិបាលនិងការកែលម្អរដ្ឋាភិបាលផងដែរ។
ក្នុងជំនួបជាមួយលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ៣នាក់គឺសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមកដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ៕