សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ | អីយ៉ា!! ភ្ញៀវទេសចរជាច្រើនមកលេងបុណ្យភូមិមានជើង និង ចូលរួមភ្លក់ និង លេងល្បែងប្រជាប្រិយ របស់ជនជាតិដើមភាគតិច | នាយករដ្ឋមន្ត្រីអំពាវនាវឲ្យចូលរួមគោរពអនុសញ្ញាអូតាវ៉ា |

នាយករដ្ឋមន្ត្រីអញ្ជើញដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក

អាមេរិក៖ បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទៅដល់ទឹកដីនៃទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកហើយ ដើម្បីចូលរួមមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ។ 

សម្ដេចតេជោបានទៅដល់ទីក្រុងញ៉ូវយ៉ក់នៅម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី២១ ខែកញ្ញា ត្រូវនឹងម៉ោង៥.០៣នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង នៅទីក្រុងភ្នំពេញ។ 

សេចក្ដីប្រកាសព័ត៌មានរសៀលថ្ងៃទី១៩ ខែកញ្ញា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»

គួរឱ្យដឹងថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នឹងឡើងធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយសម្ដេចនឹងលើកឡើងពីតួនាទីស្ថាបនារបស់កម្ពុជាក្នុងកិច្ចគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ រួមមាន ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ក៏ដូចជាការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែងថែមទៀតផង។

គួរបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក៏នឹងត្រូវបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ផងដែរ ដោយការធ្វើដំណើរនេះគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក