ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលនិង UN ឯកភាពគ្នាបំពេញការងារដែលនៅសេសសល់ក្នុងតុលាការខ្មែរក្រហមក្នុងរយៈពេល៣ឆ្នាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញ មុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។

ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន និងឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញានេះ ភាគីទាំងពីរបានពិភាក្សាអំពី វឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយ តុលាការ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបញ្ចប់សំណុំរឿងទាំងអស់ត្រឹមដំណាច់ឆ្នាំ២០២២នេះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. បានស្វាគមន៍ចំពោះ វឌ្ឍនភាពការងាររបស់អ.វ.ត.ក.។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីមុខងារ សេសសល់ដែលអ.វ.ត.ក. ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន ហើយគោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់អ.វ.ត.ក. ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់អ.វ.ត.ក.។

លោក ប៊ិន ឈិន បានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ យើងសូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការ ដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹងដំណើរការនាពេលខាងមុខ»

ជាងនេះទៅទៀតលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ និងបានកោតសរសើរចំពោះការគាំទ្រជាយូរអង្វែងពីអ.ស.ប. និងម្ចាស់ជំនួយរបស់អ.វ.ត.ក.ផងដែរ។

លោកថា៖ «ការងាររបស់អ.វ.ត.ក.មិនអាចដំណើរការទៅមុខ ដោយ គ្មានជំនួយពីអ.ស.ប. និងម្ចាស់ជំនួយទាំងនោះបានឡើយ»

ឧបការីអគ្គលេខាធិការអ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់ Stephen Mathias បានលើកឡើងថាការងាររបស់សាលាក្ដីខ្មែរក្រហមឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវគណនយ្យភាព ចំពោះឧក្រិដ្ឋកម្មនានាដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ។

លោកឧបការីក៏បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិផងដែរ ក្នុងការបន្តគាំទ្រដល់ អ.វ.ត.ក. នៅក្នុងអំឡុងដំណាក់កាលអនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នូវ សារសំខាន់នៃការថែរក្សាកេរដំណែលអ.វ.ត.ក សម្រាប់ប្រជាជនកម្ពុជា។

នៅថ្ងៃទី២២ ខែកញ្ញា ស្អែកនេះតុលាការខ្មែរក្រហមនឹងប្រកាសសាលដីកាបណ្ដឹង ០០២/០២ ប្រឆាំងលោក ខៀវ សំផន ដោយលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. ក៏នឹងចូលរួមស្ដាប់ការ ប្រកាសសាលដីកាស្ថាពរនេះដែរ បន្ទាប់មកភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ខ្លួននៅបរិវេណអ.វ.ត.ក.។

គួរឱ្យដឹងថា ចាប់តាំងពី អ.វ.ត.ក. បានបង្កើតឡើងនៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះ ជាង ១០.៣០០ នាក់ បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និង ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួនជាងបីលានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក