ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យដឹងថា ទោចក្រយាន្តយន្តដែលមានស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅនឹងអាចគោរចរបានលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ប៉ុន្តែតម្រូវឱ្យជិះបានតែម្នាក់ឯងប៉ុណ្ណោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រោយមានការឯកភាពជាមួយក្រុមហ៊ុនសាងសង់ផ្លូវ គឺម៉ូតូដែលមានស៊ីឡាំងលើសពី ៥០០cc ឡើងទៅនឹងត្រូវបានអនុញ្ញាតិឱ្យគោចរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបាន ដែលតម្រូវឱ្យបើកបរក្នុងល្បឿន១០០គីឡូម៉ែត្រ/ម៉ោង។
លោកថា៖ «ខ្ញុំក៏បានចរចារជាមួយគាត់ (ក្រុមហ៊ុនសាងសង់) ក៏គាត់ឯកភាពថាម៉ូតូដែលមានទំហំ ៥០០cc ឡើងទៅអាចចូលមកប្រើប្រាស់ផ្លូវល្បឿនលឿនបាន ប៉ុន្តែឱ្យបើកក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុង ១ម៉ោង»។
គួរឱ្យដឹងថា ដើម្បីអាចបញ្ជាក់ថាម៉ូតូមានទំហំប៉ុន្មាននោះគឺតម្រូវឱ្យម្ចាស់យាន្តជំនិះទៅបើកក្រដាសស្កេនកូដពីក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីបិទជាប់នឹងម៉ូតូរបស់ខ្លួន និងជាការងាយស្រួលក្នុងការដឹងពីទំហំនៃទោចក្រយានយន្តនីមួយៗផងដែរ៕