ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យដឹងថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល១ខែពេញខែតុលានេះ ខណៈនឹងចាប់ផ្ដើមបើកទូទាត់ប្រាក់នៅខែវិច្ឆិកាខាងមុខនេះស្របតាមលក្ខខណ្ឌដែលមាន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងចាប់បើកឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃក្នុងខែតុលានេះ និងទូទាត់ជាសាច់ប្រាក់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ។
ក្នុងនោះលោកបានបញ្ជាក់ថា ដោយសារការសាងសង់មានតម្លៃថ្លៃ និងកម្ពុជាមានចំនួនយានយន្តតិចតួចទើប ធ្វើឱ្យការទូទាត់ប្រាក់សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមាន
តម្លៃខ្ពស់ជាងប្រទេសផ្សេងដោយនឹងគិត៨សេនដុល្លារក្នុង១គីឡូម៉ែត្រ ដែលតម្លៃគិតជាមធ្យមគឺចាប់ពី ១០ទៅ ១២សេនដុល្លារក្នុង១គីឡូម៉ែត្រ។
ក្នុងនោះ លោកថាក្នុងការរក្សាសណ្ដាប់ធ្នាប់ផ្លូវគឺ លោកនឹងស្នើរដល់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយណែនាំដល់អាជ្ញាធរដែនដីដើម្បីជួយចុះប្រាប់ដល់ប្រជាពលរដ្ឋតាមតំបន់កុំឱ្យមានការកាត់របងដែលធ្វើឱ្យសត្វគោឆ្លងកាត់ ក៏ដូចជាការធ្វើស្ពតពាណិជ្ជកម្មណែនាំពីរបៀបប្រើប្រាស់ផ្លូវល្បឿនលឿនដល់អ្នកបើកបរនិងការដាក់នគរបាលចំនួន ១៨នាក់សម្រាប់ត្រួតពិនិត្យ ២៤ម៉ោងលើផ្លូវល្បឿនលឿននោះផងដែរ។
សម្រាប់សុវត្ថិភាពចរាចរណ៍ លោកថា គឺនឹងមានការដាក់នូវប្រព័ន្ធកាមេរ៉ាសុវត្ថិភាពសម្រាប់ចាប់ល្បឿនដែលវានឹងបញ្ជូនទិន្នន័យមកមណ្ឌលត្រួតពិនិត្យ ហើយនឹងយកវិក័យបត្រដល់ទីលំនៅរបស់អ្នកបើកបរក្នុងករណីរកឃើញថាលើស
ល្បឿនកំណត់។ គួរឱ្យដឹងថា អ្នកបើកបរត្រូវបើកក្នុងល្បឿនកំណត់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាចុងក្រោយ ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក៏បានសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនមួយខ្សែនេះត្រូវគោរពទៅតាមច្បាប់ដែលបានចែង ដោយធ្វើ់ការប្រកាន់ស្ដាំឱ្យបានត្រឹមត្រូវ។
ក្នុងនោះលោកបញ្ជាក់ថា ឡានដឹកទំនិញទម្ងន់ធ្ងន់គឺត្រូវប្រកាន់ស្ដាំជានិច្ច និងមិនអាចប្រើឆ្វេងបាននោះទេ ដោយបើកយ៉ាងតិច ៦០គីឡូម៉ែត្រក្នុង១ម៉ោង និងពិនិត្យមើលបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវមុននឹងធ្វើការគោចរ។