ជប៉ុន៖ យន្តហោះប្រតិភូកម្ពុជាដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កំពុងចុះចាក់សាំងនៅទីក្រុងអូសាកាប្រទេសជប៉ុនបន្ទាប់ពីបានហោះចាកចេញពីកម្ពុជានៅម៉ោង៨ព្រឹកថ្ងៃទី២១ ខែកញ្ញានេះ។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងតាមហ្វេសបុកផេករបស់សម្ដេចនៅរសៀលថ្ងៃទី២១ ខែកញ្ញានេះថា៖ «កំពុងចុះចាក់សាំងនៅ OSAKA ប្រទេសជប៉ុនបន្ទាប់មកត្រូវហោះទៅ Alaska សហរដ្ឋអាមេរិកដែលត្រូវចំណាយពេល ៦ម៉ោងនិង៥៤នាទីទៀត»។
សេចក្ដីប្រកាសព័ត៌មានរសៀលថ្ងៃទី១៩ ខែកញ្ញា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»។
គួរឱ្យដឹងថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នឹងឡើងធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយសម្ដេចនឹងលើកឡើងពីតួនាទីស្ថាបនារបស់កម្ពុជាក្នុងកិច្ចគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ រួមមាន ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ក៏ដូចជាការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែងថែមទៀតផង។
គួរបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក៏នឹងត្រូវបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ផងដែរ ដោយការធ្វើដំណើរនេះគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ៕