ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងវត្តមានរបស់ UNTAC ជាចំណែកមួយនៃការត្រួសត្រាយផ្លូវសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងវត្តមានរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិឆ្នាំ១៩៩៣ បានចូលរួមចំណែកក្នុងការត្រួសត្រាយផ្លូវសម្រាប់ស្វែងរកសន្តិភាពនៅកម្ពុជា ប៉ុន្តែពុំបានបញ្ចប់សង្គ្រាមជាស្ថាពរនោះទេ។

សារលិខិតរបស់ នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ឱ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងវត្តមានរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា រហូតដល់ឆ្នាំ១៩៩៣ ពិតជាបានចូលរួមចំណែក ត្រួសត្រាយផ្លូវសម្រាប់ការស្វែងរកសន្តិភាពនៅកម្ពុជាពិតមែន។ ប៉ុន្តែសម្ដេចបន្ថែមថា វាពុំបានបញ្ចប់សង្គ្រាមជាស្ថាពរនោះទេ។

ក្នុងសារលិខិតដដែល ឱ្យដឹងបន្ថែមថា ក្រោមកិច្ចផ្ដួចផ្ដើមនិងដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ បានធ្វើឱ្យប្រជាជននិងប្រទេសកម្ពុជាទទួលបានសន្តិភាពទាំងស្រុងនៅឆ្នាំ១៩៩៨។

យ៉ាងណាមិញ សម្ដេចតេជោ ក៏បានសម្ដែងនូវការសាទរ និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដែលបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំម្ដង នាថ្ងៃទី២១ ខែកញ្ញា ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍និងកសាងសន្តិភាព» ដោយផ្ដោតលើការពង្រឹងសាមគ្គីភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាពនិងវិបុលសុខសម្រាប់មនុស្សជាតិទាំងអស់។

សារលិខិតដដែល ឱ្យដឹងថា តាមរយៈការចូលរួមរបស់កម្ពុជាក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» នេះគឺដើម្បីរំលេចអត្ថន័យដ៏ថ្លៃថ្លានៃសន្តិភាពក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទះដ៏មោះមុតរបស់ប្រជាជនកម្ពុជាក្នុងការការពារ និងការចូលរួមសន្តិភាពពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា ប្រទេសកម្ពុជាកំពុងចូលរួមយ៉ាងសកម្មជាមួយគ្រប់បណ្ដាប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ដោយក្នុងនោះលោកថា ក្នុងនាមជាប្រធានឆ្នាំ២០២២នេះ កម្ពុជាបាននឹងកំពុងដឹកនាំអាស៊ានឆ្លងកាត់បញ្ហាប្រឈមធំៗ ដោយបានកំណត់យកមូលបទ "អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា"។

មួយវិញទៀត កម្ពុជាក៏កំពុងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ក្នុងនោះចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលបានបញ្ជូនកងកម្លាំងសរុបចំនួន ៨ ៣០២នាក់ (ស្ត្រី៥៨០នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៩ រួមមាន ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយ៉េមែនជាដើម។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា ការចូលរួមពិធីអបអរសាទរ «ទិវាសន្តិភាពអន្តរជាតិ» ក្នុងឆ្នាំនេះ នឹងបង្ហាញឱ្យឃើញពីឆន្ទះនិងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមកដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរនិងសាសនាផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក