បាងកក៖ អគ្គមេបញ្ជាការនៃកងភូមិន្ទថៃលោកនាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) បានអញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយអគ្គមេបញ្ជាការរង និងជាមេបញ្ជាការទ័ពជើងគោកកម្ពុជាលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។
នាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទមកកាន់ព្រះរាជាណាចក្រថៃជាលើកទី២ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ព្រមជាមួយនឹងការអរគុណចំពោះស្មារតីនៃការបន្តថែរក្សា និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងដ៏មានសារៈសំខាន់នេះ។
ជាការឆ្លើយតបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានជម្រាបជូនអគ្គមេបញ្ជាការនៃកងភូមិន្ទថៃ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីមិត្តថៃ ជាពិសេសអំពីសមិទ្ធផលជាក់ស្តែងជាច្រើននៃការអនុវត្ត “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-ToR” រវាងកងទ័ពជើងគោកទាំងពីរ។
លោក ហ៊ុន ម៉ាណែត បានស្នើសុំការគាំទ្រពីកងភូមិន្ទថៃលើទិសដៅសហប្រតិបត្តិការសម្រាប់ពេលខាងមុខ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាកងឯកភាពជួរមុខឱ្យបានស្អិតរមួតបន្ថែមទៀតលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានា ក៏ដូចជាការសហការជួយគ្នាទៅវិញទៅមកលើការងារសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន។
ក្នុងជំនួបនោះនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងភូមិន្ទថៃ បានសម្តែងនូវការគាំទ្រចំពោះទិសដៅសហប្រតិបត្តិការបន្តរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា រួមទាំងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ក៏ដូចជាការអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (ACDFM-19) កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅដែលអាចដំណើរការក្នុងទម្រង់ជួបប្រជុំផ្ទាល់ដោយយោងទៅលើស្ថានភាពល្អប្រសើរនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕