កំពង់ឆ្នាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជំរុញដល់កងទ័ព នាយទាហាន ឱ្យសិក្សា រៀនពីបច្ចេកទេសសម្ភារៈយោធាដែលចិនបានផ្ដល់ឱ្យស្ទាត់ជំនាញដោយថាជាការពង្រឹងប្រសិទ្ធភាពយោធាកម្ពុជាឱ្យកាន់តែខ្លាំងក្លា។
ថ្លែងក្នុងពិធីប្រគល់ និងទទួលសម្ភារៈយោធាពីប្រទេសចិននៅព្រឹកថ្ងៃអង្គារ៍ ទី២០ ខែកញ្ញានេះ ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាសម្ភារៈយោធាគឺជាសក្ដានុពលមួយហើយតែអ្វីដែលជំរុញឱ្យយោធាកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពនោះគឺការចេះដឹងចេះប្រើប្រាស់សម្ភារៈយោធាទាំងនោះ។
សម្ដេចពិជ័យសេនាថា៖ «យើងនឹងធ្វើឱ្យគូសត្រូវរបស់យើងនៅចម្ងាយរាប់រយគីឡូពីយើងអាចនឹងរាបបានលុះត្រាតែយើងចេះប្រើចេះប្រើជំនួយទាំងនោះទៅបាន»។
សម្ភារៈយោធាដែលចិនបានផ្ដល់ជូនកម្ពុជានៅពេលមានជាង១០០គ្រឿងដែលភាគច្រើនជារថយន្តដឹកជញ្ជូន និងរថយន្តសង្គ្រោះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានថ្លែងថាកិច្ចសហប្រតិបត្តិការយោធា ចិន-កម្ពុជា ជាផ្នែកសំខាន់នៃជោគវាសនារួមចិននិងកម្ពុជា។ លោកបន្ថែមថា ជំនួយយោធាលើកនេះគឺសុទ្ធតែជាសម្ភារៈចាំបាច់សម្រាប់កងយុទ្ធពលខេមរភូមិន្ទជាពិសេសកងរាជអាវុធហត្ថដែលជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការណ៍ចិននិងកម្ពុជា។
លោកថា៖ «យើងខ្ញុំរីករាយដោយស្មោះក្នុងការលើកកម្ពស់សមត្ថភាពកងយុទ្ធពលខេមរភូមិន្ទជាបន្តបន្ទាប់ និងបង្កើនការកសាងទំនើបកម្មសព្វាវុធ និងហេដ្ឋារចនាសម្ព័ន្ធយោធា ការពារសន្ដិសុខជាតិ និងតំបន់យ៉ាងមានប្រសិទ្ធភាព»។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណរដ្ឋាភិបាលចិនដែលបានយកចិត្តទុកដាក់ និងផ្ដល់សម្ភារៈយោធាដល់កម្ពុជានេះ។
គួរឱ្យផងដែរថា កាលពីថ្ងៃទី១ ខែកញ្ញា ដើម្បីជួយគាំទ្រដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់រថយន្តទំនើបចំនួន១៥០គ្រឿងដល់ក្រសួងការពារជាតិកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំនេះឱ្យសម្រេចជោគជ័យ៕