ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទ័ពជើងគោកកម្ពុជា-ថៃបង្ហាញការសាទរជុំវិញការទប់ស្កាត់និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរ

បាងកក៖ មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទប្រទេសកម្ពុជានិងថៃ បានបង្ហាញការកោតសរសើរគ្នាទៅវិញទៅមកចំពោះការជួយគ្នាយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននានា ទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅក៏ដោយ។

ជំនួបពិភាក្សាទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទរវាងប្រទេសកម្ពុជានិងថៃ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាងកកនៃប្រទេសថៃ ក្រោមការអញ្ជើញចូលរួមដោយ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពជើងគោកថៃ លោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae)។

គួរឱ្យដឹងថា ក្នុងជំនួបពិភាក្សាទ្វេភាគីនេះ ថ្នាក់ដឹកនាំកងទ័ពជើងគោកនៃប្រទេសទាំងពីរបានបង្ហាញមោទនភាពចំពោះគ្នាទៅវិញទៅមក ជុំវិញទៅនឹងកិច្ចសហការគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់រវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននានា ដូចជាការកាប់ឈើខុសច្បាប់ ការចរាចរណ៍គ្រឿងញៀន និងការជួញដូរមនុស្ស ក៏ដូចជាការរក្សាបាននូវទំនាក់ទំនងការងារជាប់ជាប្រចាំរវាងថ្នាក់យោធភូមិភាគ និងកិច្ចសហការផ្ទាល់រវាងអង្គភាពជួរមុខ ទោះបីស្ថិតក្នុងអំឡុងពេលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ។

យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំពិភាក្សានេះ មេបញ្ជាការកងទ័ពជើងគោកថៃ លោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) បានបង្ហាញការទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ក៏ដូចជាកោតសរសើរអំពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍សមត្ថភាពរបស់កងយោធពលខេមរភូមិន្ទដែលកំពុងដំណើរការបោះជំហានជាក់ស្តែងទៅមុខគួរឱ្យកត់សម្គាល់ ខណៈលោកក៏ធ្លាប់ធ្វើដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅដែរ។

ជាមួយគ្នានោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុង «ភាពជាដៃគូសន្តិភាពនិងវិបុលភាព» ដោយចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសថៃលើកនេះ គឺជាសក្ខីភាពនៃការបន្តរក្សានូវទំនាក់ទំនងដ៏ល្អជាប្រពៃណី និងប្រកបដោយអត្ថន័យសម្រាប់កងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

លោកបានអះអាងថាទំនាក់ទំនងទ្វេភាគីរវាងប្រទេសនិងប្រជាជនទាំងពីរ ក៏កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទាំងក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងក្រោយដំណាក់កាលនេះ។

ក្នុងជំនួបទ្វេភាគីដដែល ថ្នាក់ដឹកនាំកងទ័ពជើងគោកនៃប្រទេសទាំងពីរក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តខ្លឹមសារនៃ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR» ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនៅប្រទេសកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនលើការងារមួយចំនួនដូចជា ការផ្លាស់ប្តូរអ្នកជំនាញ, ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការលោតឆត្រមិត្តភាព និងការរៀបចំលំហាត់ហ្វឹកហ្វឺនរួមជាដើម (Land Ex THACAM)។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត នៅប្រទេសថៃនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ តបតាមការអញ្ជើញរបស់ភាគីប្រតិភូកងទ័ពជើងគោកថៃ។

ក្នុងនោះភាគីកងទ័ពជើងគោកនៃប្រទេសទាំងពីរ មានគោលដៅបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ ស្របទៅតាមខ្លឹមសារនៃ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR» សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសទាំងពីរឱ្យបានរីកចម្រើន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក