ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកនាយករដ្ឋមន្ត្រីនឹងថ្លែងពីកិច្ចគាំទ្ររបស់កម្ពុជាចំពោះពហុភាគីនិយមនៅមហាសន្និបាតអង្គការសហប្រជាជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រៀមថ្លែងពីតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉កខាងមុខនេះ។

សេចក្ដីប្រកាសព័ត៌មានរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»។

គួរឱ្យដឹងថា មហាសន្និបាតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នឹងឡើងធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយសម្ដេចនឹងលើកឡើងពីតួនាទីស្ថាបនារបស់កម្ពុជាក្នុងកិច្ចគាំទ្រពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ រួមមាន ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ក៏ដូចជាការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែងថែមទៀតផង។

គួរបញ្ជាក់ថា ក្រៅពីការអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ក៏នឹងត្រូវបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ផងដែរ ដោយការធ្វើដំណើរនេះគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក