ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការខេត្តបាត់ដំបងឱ្យនាយប៉ុស្ត៍ទាំងអស់ទទួលខុសត្រូវករណីល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានរបស់ខ្លួន

បាត់ដំបង៖ ស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន ឱ្យនាយប៉ុស្តិ៍ទាំងអស់ទទួលខុសត្រូវរឿងករណីប្រព្រឹត្តល្បែងស៊ីសង និងគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយថានឹងមិនលើកលែងនោះទេប្រសិនជាប៉ុស្ត៍នគរបាលណាមួយដោះស្រាយមិនបាន។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ថា៖ «ចាប់ពីពេលនេះតទៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទទួលខុសត្រូវទាំងស្រុងចំពោះថ្នាក់ដឹកនាំក្នុងករណីដែលមូលដ្ឋានរបស់ខ្លួនកើតមានករណី ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងករណីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហើយនាយប៉ុស្តិ៍ទាំងនោះគ្មានចំណាត់ការលើបញ្ហានេះ»។

វិធានការរបស់លោក សាត គឹមសាន នេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកតំណែងមន្ត្រីចាប់ពីថ្នាក់អភិបាល ស្រុក ខណ្ឌ រហូតទៅដល់ខេត្ត-រាជធានី រួមទាំងមន្ត្រីនគរបាល និងអាវុធហត្ថចេញពីតំណែង ប្រសិនជាពួកគេមិនអាចបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងទឹកដីភូមិសាស្ត្ររបស់ពួកគេបាន។

ក្នុងសារសំឡេងពិសេសកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សម្ដេចតេជោ បានថ្លែងថា៖ «បញ្ហាស្ថិតនៅត្រង់ថា អស់លោកធ្វើ ឬក៏មិនធ្វើ ហើយសូមបញ្ជាក់សារជាថ្មីថា ខ្ញុំមិនញញើតដៃជាមួយនឹងការដកចោលចេញពីមុខតំណែងជាមួយអភិបាលខេត្ត ឬអភិបាលរង ឬអភិបាលស្រុក ឬក៏ឋានៈនាយទាហាននគរបាលអាវុធហត្ថចាប់ពីស័ក្តប្រាំឡើងទៅ ខ្ញុំនឹងចេញអនុក្រឹត្យដើម្បីបញ្ចប់ភារកិច្ចចោលតែម្ដង»។

សម្ដេចយល់ថា ទីតាំងល្បែងស៊ីសងទៅតាមមូលដ្ឋានគឺមន្ត្រីទាំងអស់នោះប្រាកដជាដឹង ប៉ុន្តែសំខាន់គឺត្រង់ថាតើពួកគេមានឆន្ទៈក្នុងការបង្ក្រាបឬក៏អត់? ខណៈសម្ដេចបានចោទជាសំណួរថា តើកន្លែងទាំងនោះអាចជាទីកន្លែងសម្រាប់មន្ត្រីទាំងនោះរកប្រាក់ឬក៏យ៉ាងណា?

គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ទើបតែចុះហត្ថលេខាបង្កើតក្រុមការងារថ្នាក់ជាតិចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលក្រុមការងារនេះដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល។

ក្រុមការងារនេះមានតួនាទី រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្ក្រាបនូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់។

បន្ថែមលើនេះក៏អាចចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំង ពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែល បានប្រព្រឹត្តនៅក្នុងទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងនោះដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមានផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក