
ក្រសួងព័ត៌មាន ៖ ចៅលោក ម៉ៅ អាយុទ្ធ គឺកញ្ញា ផង់ សុភី មានវិជ្ជមានកូវីដ-១៩ មិនមានវត្តមាននៅក្រសួងព័ត៌មានឡើយ
(ភ្នំពេញ) ៖ ក្នុងពេលដែលលោក ម៉ៅ អាយុទ្ធ បានសុំអវត្តមានពីក្រសួងព័ត៌មានចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដើម្បីរៀបចំដឹកនាំរឿងភាពយន្តនោះ កញ្ញា ផង់ សុភី មិនមានវត្តមាននៅក្រសួងព័ត៌មានឡើយ។ កញ្ញា ផង់ សុភី ជាមន្ត្រីរាជការនៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន មានតួនាទីជាជំនួយការលោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាជីតារបស់ខ្លួន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេ។
ការចេញសេចក្តីជូនដំណឹងដើម្បីបំភ្លឺនៅពេលនេះគឺយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ បានបង្ហាញថា នៅលេខរៀងទី២៥៨. មានឈ្មោះ កញ្ញ ផង់ សុភី នៅក្រសួងព័ត៌មាន។
ប្រកាសរបស់ក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន កញ្ញ ផង់ សុភី បានមកក្រសួងព័ត៌មានចំនួន ២លើកគឺនៅថ្ងៃទី១ និងទី៥ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែមិនបានចូលតំបន់រៀបចំចាក់វ៉ាក់សាំងទេ ដោយក្រុមការងារប្រាប់គាត់ថាមានបញ្ហាបច្ចេកទេស ដូច្នេះគាត់មិនមានឈ្មោះក្នុងបញ្ជីចាក់វ៉ាក់សាំងនៅថ្ងៃនោះឡើយ ក្រោយមកទៀតគាត់ក៏មិនបានមកក្រសួងព័ត៌មានដែរ។
នៅថ្ងៃដែល កញ្ញា ផង់ សុភី មកក្រសួងព័ត៌មានជួបជាមួយក្រុមការងារ គឺបានអនុវត្តវិធានការ សុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតបុគ្គល បានត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្តី ក្រសួងព័ត៌មានបានជូនដំណឹងដល់មន្ត្រីរាជការក្នុងក្រសួង ដែលអាច មានពាក់ព័ន្ធកផ្លូវការជាមួយសាមីខ្លួនឱ្យតាមដានសុខភាពខ្លួន និងក្នុងករណីមានអាការៈសង្ស័យត្រូវ ទៅសុំធ្វើតេស្តដោយមិនប្រហែសឡើយ៕