ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រេចបានទឹកប្រាក់ជិត ៦ពាន់លានដុល្លារក្នុងរយៈពេល ៦ខែឆ្នាំនេះ

ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បានសម្រេចក្នុងទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សេចក្ដីប្រកាសព័ត៌មាន ចុះនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យដឹងថា រដ្ឋសភាកម្ពុជានិងវៀតណាម បានសម្ដែងការអបអរសាទរចំពោះពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងការដែលសម្រេចបានទឹកប្រាក់ទំហំជិត ១០ពាន់់លានដុល្លារនៅក្នុងឆ្នាំ២០២១ និងគិតត្រឹមរយៈពេល៦ខែក្នុងឆ្នាំ២០២២នេះ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងរដ្ឋសភាកម្ពុជា-វៀតណាម បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន និងប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌិញវ៉េ (Voung Dinh Hue) និងមន្ត្រីរដ្ឋសភាមួយចំនួនទៀត។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងវៀតណាម បានធ្វើការគាំទ្រនិងវាយតំលៃខ្ពស់នូវការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ដែលបានបោះបង្គោលព្រំដែនកំណត់ខ័ណ្ឌសីមាសម្រេចបាន ៨៤% ក៏ដូចជាការពន្លឿននូវរាល់ការដោះស្រាយបញ្ចប់បញ្ហាព្រំដែនគោកដែលនៅសេសសល់ ១៦%ទៀត ដែលសំដៅប្រែក្លាយព្រំដែននេះជាព្រំដែនមិត្តភាពនិងអភិវឌ្ឍន៍។

យ៉ាងណាមិញ សម្ដេចប្រធានរដ្ឋសភាកម្ពុជា ក៏បានស្នើដល់ភាគីវៀតណាមក្នុងការឱ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់រដ្ឋសភាកម្ពុជា ការជួយជំរុញចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាវិស័យកសិកម្មដើម្បីជំរុញការផលិតស្បៀងអាហារនៅតំបន់អង្គរឱ្យប្រែក្លាយតំបន់នេះជាជង្រុកសន្តិសុខស្បៀងតំបន់និងពិភពលោក។

ជាចុងក្រោយ សម្ដេចប្រធានសភា បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋនិងប្រជាជនវៀតណាមដែលបានផ្ដល់ជាជំនួយឥតសំណងក្នុងការសាងសង់អគាររដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា ដែលនឹងរួចរាល់នៅដើមឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងឱកាសនេះ សម្ដេចប្រធានសភាកម្ពុជា បានអញ្ជើញថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមដើម្បីចូលរួមក្នុងកិច្ចប្រជុំទល់មុខគ្នាជាមួយប្រមុខដឹកនាំអាស៊ាន ក៏ដូចជាមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងពេលខាងមុខនេះ។

ជាការឆ្លើយតប ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក វឿង ឌិញវ៉េ (Voung Dinh Hue) បានឱ្យដឹងថា លោកនឹងធ្វើការដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយក្នុងនោះលោកក៏បានបង្ហាញការគាំទ្រ និងជូនពរកម្ពុជាក្នុងការបំពេញតួនាទីជាប្រធាននិងអាយប៉ានៅឆ្នាំ២០២២ឱ្យទទួលបានជោគជ័យផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក