សៀមរាប៖ តុលាការខេត្តសៀមរាបសម្រេចផ្ដន្ទាទោសឱ្យបុរសវ័យ ៣២ឆ្នាំម្នាក់ជាប់ពន្ធធនាគារអស់មួយជីវិតពីបទរំលោភនិងសម្លាប់ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់កាលពីដើមខែឧសភានេះ។
ការចុះផ្សាយរបស់ អង្គភាពការពារកុមារ (CPU) បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២នេះ សាលាដំបូងខេត្តសៀមរាប បានសម្រេចកាត់ទោសបុរសវ័យ ៣២ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទរំលោភ និងសម្លាប់លើកុមារីអាយុ ១៣ឆ្នាំយ៉ាងព្រៃផ្សៃ ដោយហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។
ក្នុងនោះ អង្គភាពការពារកុមារ (CPU) ឱ្យដឹងបន្ថែមថា ហេតុការណ៍នៃការរំលោភសម្លាប់លើក្មេងស្រីអាយុ ១៣ឆ្នាំនេះ បានកើតឡើង នៅប្រហែលវេលាម៉ោង ១១ៈ៣០នាទីយប់ កំឡុងពេលដែលកុមារបានចេញទៅរកកង្កែបនៅឯវាលស្រែ។ ប៉ុន្តែដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងឃើញថានាងនៅម្នាក់ឯង ជនជាប់ចោទវ័យ ៣២ឆ្នាំនោះបានដើរមករកនាង រួចក៏ទាញអំពូលបំភ្លឺផ្លូវដែលនាងកំពុងពាក់មកបិទ ដែលធ្វើឱ្យនាងភ័យស្លន់ស្លោរនិងរត់បានប្រហែល ៣០ម៉ែត្រ មុនពេលដែលជនសង្ស័យចាប់នាងបាននិងធ្វើការរំលោភនិងសម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃដោយបន្សល់ទុកសពចោលនៅនឹងកន្លែងមុន នឹង រត់ គេច ខ្លួន៕