ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលឱ្យដឹងថា ប្រសិទ្ធភាពក្នុងការចាក់ដូសជំរុញនឹងបង្កើននូវភាពសុាំក៏ដូចជាប្រព័ន្ធការពារ ល្អដល់ប្រជាពលរដ្ឋ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងសុខាភិបាល អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ឱ្យដឹងថា តាមរយៈការចាក់វ៉ាក់សាំងដូសជំរុញបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំទទួលបានប្រព័ន្ធភាពសុាំនិងប្រព័ន្ធការពារខ្ពស់ល្អ។
អ្នកស្រីថា៖ «តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រនេះ ក៏មានការបង្ហាញជាបន្តបន្ទាប់នូវប្រសិទ្ធភាពនៃការចាក់ដូសជំរុញ។ ហើយការចាក់ដូសជំរុញនេះអ្វីដែលប្រសិទ្ធភាពកាន់តែល្អទៀតនោះ គឺការប្រើប្រាស់នូវឆ្លាស់គ្នាវ៉ាក់សាំង។ ឧបមាថាយើងប្រើវ៉ាក់សាំងដូសមូលដ្ឋានរបស់យើងប្រភេទនេះ ដល់ចាក់ដូសជំរុញយើងចាក់ប្រភេទផ្សេង អញ្ចឹងវាជួយបង្កើននូវអង់ទីកររបស់យើងនេះ ដែលយើងហៅថាកងការពាររបស់យើងនេះគឺបានខ្ពស់ល្អ»។
អ្នកស្រីបន្តថា៖ «ដូច្នេះហើយបានជាកម្ពុជាបានចាប់យកនូវការប្រើប្រាស់នៃការចាក់វ៉ាក់សាំងនេះច្រើនមុខច្រើនប្រភេទ»។
អ្នកស្រី ឱ វណ្ណឌីន បានឱ្យដឹងបន្ថែមថា ជាការកត់សម្គាល់ យើងឃើញថាពិភពលោកបានសរសើរដល់កម្ពុជាក្នុងការដែលអាចវិលត្រឡប់មករកការរស់នៅបានជាធម្មតា។
អ្នកស្រីថា៖ «អញ្ចឹងហើយ! បានគេចេះតែឆ្ងល់ហេតុអី្វបានជាកម្ពុជា ហាក់ដូចជាមានការវិលត្រឡប់មករកការរស់នៅជាធម្មតា! បានឥឡូវហ្នឹងវាធម្មតាអស់ទៅហើយ»។
យ៉ាងណា ទាក់ទិននឹងករណីនេះ អ្នកស្រីនៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមការពារនឹងឈរលើគោលការណ៍ស្របតាមគន្លងប្រក្រតីភាពជាថ្មី។
ក្នុងនោះអ្នកស្រី ក៏បានឱ្យដឹងដែរថា សម្រាប់តម្រូវការនៃការចាក់នូវដូសជំរុញមួយណាបន្ថែមទៀតនោះគឺក្រសួងនឹងសិក្សាជាបន្ថែមទៀត ក៏ដូចជាការពិនិត្យមើលនូវលក្ខណៈវិទ្យាសាស្ត្រនេះឱ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ អង្គការសុខភាពពិភបលោក នៅពុំទាន់បង្ហាញនូវឯកសារឫការណែនាំណាមួយសម្រាប់កម្ពុជាក្នុងការទទួលចាក់វ៉ាក់សាំងដូសជំរុញទី៦នោះទេ។
យោងតាមរបាយការណ៍ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ កម្ពុជាទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ រួមមាន ដូសទី១ ចំនួន ១៥ ១៨៤ ៦៦៦ នាក់, ដូសទី២ ចំនួន ១៤ ៥៣២ ៧១៧នាក់, ដូសទី៣ ចំនួន ១០ ១១៧ ២៩៦នាក់, ដូសទី៤ ចំនួន ៤ ១៩៧ ៩២៥នាក់ និងដូសទី៥ ចំនួន ៧៨៣ ៣៩៧ នាក់ ដោយចំនួនអ្នកបានចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុបចំនួន ១៦លាននាក់ ស្មើនឹង ៩៤,៩០% ៕