ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានឆ្លើយតបប្រាំចំណុចដោយមិនចំឈ្មោះតែទំនងសំដៅទៅលោក សម រង្ស៊ី ដើម្បីបកស្រាយពីការចោទប្រកាន់ទាំងឡាយរបស់បុគ្គលនេះទៅលើលោក។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្រេចតែងតាំងលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីនៃថ្ងៃអនាគត គឺជាការសម្រេចរបស់គណៈអចិន្ត្រៃយ៍របស់គណបក្ស ហើយប្រសិនជាលោកបានជានាយករដ្ឋមន្ត្រីនៅកម្ពុជានៅពេលអនាគត ក៏លោកមិនអាចធ្វើការងារតែម្នាក់ឯងបាននោះដែរ ប្រាកដណាស់គឺត្រូវមានយុវជនរបស់គណបក្សត្រូវជួយលោកក្នុងកិច្ចការដឹកនាំរដ្ឋនេះ។
លោកបានផ្ដាំដោយមិនចេញឈ្មោះប៉ុន្តែទំនងជាផ្ញើទៅឲ្យលោក សម រង្ស៊ី ដែលលោកនៅតែហៅថាលោកអ៊ុំឲ្យមើលពីកិច្ចការរបស់គណបក្សដែលខ្លួនគាំទ្រជាជាងមើលលើកិច្ចការរបស់គណបក្សដទៃ។
លោក ហ៊ុន ម៉ាណែត លើកឡើងថាលោកមិនដែលមានរឿងឬក៏បញ្ហាអ្វីជាមួយនឹង សម រង្ស៊ី រូបនេះនោះទេ ក៏ប៉ុន្តែលោក សម រង្ស៊ី តែងតែលើកយកលោកគឺជាប្រធានបទនៃការវាយប្រហារជានិច្ច។
លោកថា៖ «ហើយអ៊ុំគឺគ្មានភាពខ្មាស់អៀនវ៉ៃចុះក៏ប៉ុន្តែឲ្យមានទឡ្ហីករណ៍ផងហ្ហី! កុំឱ្យក្មេងបកទៅវិញខ្មាសក្មេង ព្រោះទឡ្ហីករណ៍មិនមែនចង់សំដៅទៅលើអ៊ុំ ទេក៏ប៉ុន្តែចង់បញ្ជូនសារទៅលើអ៊ុំ។ព្រោះសាររបស់អ៊ុំអត់មានហេតុផលខ្ញុំដាក់ទៅវិញលោកអ៊ំខ្មាស់គេនោះហើយ»។
ទាក់ទងជាមួយនឹងការលើកឡើងថាលោកហ៊ុនម៉ាណែតនៅក្មេងក៏ប៉ុន្តែបានកាន់តំណែងធំគ្រប់គ្រងលើមនុស្សចាស់ លោកបានឆ្លើយតបទៅវិញថា សំខាន់គឺលោកដឹកនាំបានឲ្យស្ថាប័នរីកចំរើនដែលខុសពី សម រង្ស៉ី ដែលដឹកនាំស្ថាប័នទៅរកភាពបែកបាក់។
លោកថា៖ «លោកអ៊ុំថាខ្ញុំក្មេងទៅគ្រប់គ្រងមនុស្សក៏ប៉ុន្តែលោកអ៊ុំកុំភ្លេចថា លោកអ៊ុំកាន់សញ្ជាតិបារាំងណា។ ប្រធានាធិបតីបារាំងម៉ាក្រុងប្អូនខ្ញុំពីរខែណា។ ហើយយ៉ាងម៉េចមិនទៅថាឲ្យប្រធានាធិបតីរបស់លោកអ៊ុំថា យ៉ាងម៉េចក្មេងមកគ្រប់គ្រងមនុស្សចាស់ទៅ! ថាគេធ្វើតាមបោះឆ្នោតគេធ្វើតាមអីៗនីតិវិធីផ្ទៃក្នុង គឺជាការសម្រេចរបស់គេ។ តែបើលោកអ៊ុំវាយតម្លៃលើអាយុ ប្រធានាធិបតីរបស់ប្រទេសបារាំងប្អូនខ្ញុំពីរខែ»។
ទាក់ទងជាមួយនឹងការលើកឡើងថា លោក ហ៊ុន ម៉ាណែត តែងតែរំលឹកពីអតីតកាលនៅពេលដែលកម្ពុជាទើបតែងើបពីសង្គ្រាមឆ្នាំ១៩៧៩ លោកបានឆ្លើយតបថា មនុស្សត្រូវចេះមើលពីអតីតកាលដើម្បីតម្រង់ទិសទៅកាន់អនាគត ខណៈដែលការចោទប្រកាន់ថាលោក ហ៊ុន ម៉ាណែត គ្មានស្នាដៃក៏ត្រូវបានលោក ហ៊ុន ម៉ាណែត ឆ្លើយតបថាការងារជាច្រើនដែលលោកបានធ្វើ គឺលោកមិនសូវជាចង់បង្ហាញនោះឡើយដោយថាចំណុចសំខាន់គឺលទ្ធផលមិនមែនជាការបង្ហាញនោះទេ។
លោកថា៖ «មនុស្សយើងបើមិនចេះចងចាំអំពីអតីតកាលរបស់ខ្លួន ចេះវាយតម្លៃបច្ចុប្បន្នកាលរបស់ខ្លួន ដើម្បីជាមូលដ្ឋានទៅមុខទៀត គេហៅថាជាមនុស្សដែលគ្មានចក្ខុវិស័យ គ្មានមូលដ្ឋាន ទិសដៅច្បាស់លាស់។ បើមិនចេះវិភាគថាមកពីណា មកដល់ណា ហើយត្រូវទៅណា គ្រប់ពេលនោះទេមកដល់ពេលនេះ គឺម្ដងទៅលិច ម្ដងទៅកើត តាមអារម្មណ៍គ្មានចក្ខុវិស័យ។ អញ្ចឹងហើយបានជាលោកអ៊ុំម្ដងវ៉ៃខ្ញុំរឿងនេះ ម្ដងវ៉ៃប្អូនខ្ញុំ ម្ដងវ៉ៃឪពុកខ្ញុំ ព្រោះគ្មានចក្ខុវិស័យក្នុងការដឹកនាំបក្សបានកាន់តែថយទៅ»។
លោកបន្ថែមថា៖ «ខ្ញុំជាទូទៅគឺខ្ញុំធ្វើច្រើន តែខ្ញុំមិនសូវបង្ហាញ អញ្ចឹងបានអត់មានអ្នកណាឃើញ។ កន្លងទៅមានពូៗអ៊ុំៗ មួយចំនួនប្រាប់ខ្ញុំថាហើយក្មួយឯងធ្វើនេះធ្វើនេះទៅ ដើម្បីបង្ហាញឲ្យគេឃើញផង។ ខ្ញុំបានធ្វើច្រើនណាស់! សមាគមអតីតយុទ្ធជនអី ខ្ញុំបានចូលរួមធ្វើច្រើននៅព្រំដែនអីកន្លែងចរចា។ ប៉ុន្តែវាអត់សំខាន់ខ្ញុំប្រាប់ថា ពូ! វាអត់ចាំបាច់ទេសំខាន់គឺលទ្ធផល»។
កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ ការបោះឆ្នោតនេះត្រូវបានគាំទ្រពីសមាជិកទាំងអស់នៃគណបក្ស។
លោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕