សៀមរាប៖ ប្រជាពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងទទួលបានការរស់នៅដោយសមប្រកបតាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា ការស្ថាបនាផ្លូវ ការផ្គត់ផ្គង់សេវាទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ សាលារៀន ផ្សារ និងសេវាអ៊ីនធើណេតសម្រាប់ប្រើប្រាស់។
ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីបំពេញតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងនោះសម្ដេច បានបញ្ជាឱ្យមានការក្រាលផ្លូវកៅស៊ូដែលតភ្ជាប់ពីផ្លូវកៅស៊ូស្រាប់ចូលមកក្នុងភូមិដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្ដេចថា៖ «ផ្លូវដែលតភ្ជាប់តាមភូមិត្រូវឈូសឆាយវា យើងបានធ្វើចំនួន ១៨គីឡូម៉ែត្រ ហើយនៅក្នុងចំណោម ១៤០គីឡូម៉ែត្រ ប៉ុន្តែខ្ញុំសំណូមពរទាមទារឱ្យមានការចាក់កៅស៊ូតភ្ជាប់ពីផ្លូវចាក់កៅស៊ូហ្នឹង!ចូលមកក្នុងតំបន់នេះជាបឋម។»
ជាមួយគ្នានេះ សម្ដេចនាយកររដ្ឋមន្ត្រី ក៏បានធ្វើការអនុម័ត ដោយឱ្យមានការរៀបចំតភ្ជាប់នូវគម្រោងទឹកស្អាតប្រើប្រាស់ ដើម្បីអាចធ្វើឱ្យតំបន់នេះក្លាយទៅជាកូនក្រុងមួយនិងមានមូលដ្ឋានទឹកស្អាតផងដែរ។
សម្ដេចថា៖ «ហ្នឹងហើយ! រៀបចំអាហ្នឹងដើម្បីធ្វើឱ្យ រុនតាឯកក្លាយទៅជាកូនក្រុងមួយថ្ងៃក្រោយដាក់ក្រុងរុនតាឯក។ ឥឡូវហ្នឹងជីកអណ្ដូងក៏ជីកទៅប៉ុន្តែប្រភពទឹកស្អាតនិងត្រូវមកដល់តែ ១៨គីឡូម៉ែត្រទេដែលដាក់ទុយោហើយតម្លៃវាត្រឹមតែ ៣លាននោះទេធ្វើទៅ! ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់នេះមានមូលដ្ឋានទឹក យកទឹកស្អាតយកមកប្រើ ផ្គត់់ផ្គង់តំបន់នេះ។»
យ៉ាងណា សម្រាប់វិស័យអប់រំសម្ដេចតេជោ បានបញ្ជាឱ្យមានការបង្កើតជា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលអាចបំពេញនូវតម្រូវការប្រជាពលរដ្ឋនៅក្នុងភូមិ ក៏ដូចជាដើម្បីធានានូវការបណ្ដុះបណ្ដាលមួយយ៉ាងពេញលេញផងដែរ។
គួរបញ្ជាក់ថា គម្រោងកសាងបន្ថែមនេះមានដូចជា អគារសិក្សាចំនួន ១ខ្នងដែលមាន ៣ជាន់ និង១៨បន្ទប់ និងអគារទីចាត់ការ ១ខ្នង ដែលមាន៣បន្ទប់ ដែលនឹងរៀបចំទៅជាវិទ្យាល័យ-អនុវិទ្យាល័យ និងអគារស្នាក់នៅសម្រាប់គ្រូបង្រៀនចំនួន ១ខ្នង ដែលមាន ២ជាន់និង២០បន្ទប់សម្រាប់គ្រូចំនួន ២០នាក់។
មួយវិញទៀត សម្រាប់វិស័យសុខាភិបាលគឺនឹងសាងសង់មណ្ឌលសុខភាពចំនួន ៣ខ្នងដែល មានមួយខ្នងសម្រាប់ជំងឺទូទៅ មួយខ្នងសម្រាប់អគារសម្ភព និងមួយខ្នងទៀតសម្រាប់អគារស្នាក់នៅដែលមាន ២០បន្ទប់។
ក្រៅពីនេះ គឺការសាងសង់ផ្សារចំនួន ៨ខ្នងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើអាជីវកម្ម បាន ក៏ដូចជាសេវាទូរស័ព្ទនិងអ៊ីនធើណេតផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ វានឹងធ្វើឱ្យភូមិរុនតាឯក ប្រែក្លាយទៅជាភូមិអភិវឌ្ឍមួយនាពេលខាងមុខ៕
PHOTO: EAC NEWS