ទ្វីបអឺរ៉ុប៖ អង់គ្លេស ក្រូអាស៊ី និងឆេក គឺជាបេក្ខភាពបីក្រុមបន្ថែមទៀតដែលបានកក់កៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយបន្តទៀត បន្ទាប់ពីអង់គ្លេសយកឈ្នះឆេក ១-០ យប់មិញ ខណៈក្រូអាស៊ីយកឈ្នះស្កុតឡេន ៣-១ ធ្វើអោយក្រុមនៅក្នុងដែនដីចក្រភពអង់គ្លេស ស្កុតឡេនហាលអាវត្រឹមនេះ។
ក្រុមតោកំណាចអង់គ្លេសបានយកឈ្នះឆេក ១-០ ដោយមួយគ្រាប់របស់កីឡាករ Raheem Sterling ធ្វើអោយក្រុមរបស់លោក Gareth Southgate មាន ៧ ពិន្ទុឈរលើគេក្នុងពូល D មានន័យថានឹងត្រូវជួបជាមួយក្រុមលេខ ២ ក្នុងពូល F មិនដឹងថាត្រូវជួបជាមួយបារាំង អាល្លឺម៉ង់ រឺព័រទុយហ្កាល់ឡើយ ខណៈការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley ថ្ងៃទី ២៩ ខែមិថុនានេះ។
ចំណែកក្រូអាស៊ីវិញ បីគ្រាប់យកឈ្នះស្កុតឡេនយប់មិញសំរេចដោយ Nikola Vlasic នាទី១៦, Luka Modric នាទី៦១ និង Ivan Perisic នៅនាទី៧៦ ដែលធ្វើអោយក្រូអាស៊ីទទួលបានបីពិន្ទុឡើងមកលេខ ២ បន្តជួបជាមួយក្រុមលេខ ២ ក្នុងពូល E ដែលមិនទាន់ប្រាកដថាក្រុមណាមួយនៅឡើយរវាង អេស្ប៉ាញ ស៊ុយអែត ស្លូវ៉ាគី និង ប៉ូឡូញ ដែលនឹងត្រូវប្រជែងគ្នាយប់នេះ។
គិតមកដល់ពេលនេះគេរកឃើញ ១២ ក្រុមហើយដែលកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយ Euro ២០២០ រួមមាន អ៉ីតាលី វែល ស្វ៊ីស ប៊ែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ អូទ្រីស អង់គ្លេស ក្រូអាស៊ី ឆេក ស៊ុយអែត និងបារាំង៕