ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នំ២០២២ សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថាការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូល្អរបស់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមកនឹងធ្វើឱ្យតំបន់នេះកាន់តែមានការរីកចម្រើនទៅគ្រប់វិស័យ។
ថ្លែងនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា ការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូឡើងវិញ តាមរយៈការចែករំលែកវ៉ាក់សាំង ការផ្ដល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកទេស ក្រោមស្មារតីយោគយល់និងចេះជួយគ្នាទៅវិញទៅមក បានធ្វើឱ្យការថមថយនៃការឆ្លងរាលដាលនៅប្រទេសកម្ពុជាស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។
សម្ដេចថា៖ «ស្រដៀងគ្នានេះដែរ នៅក្នុងក្របខណ្ឌតំបន់អាស៊ាន ភាពជាអ្នកដឹកនាំនិងភាពជាដៃគូគឺជាកត្តាចម្បងដែលធ្វើឱ្យយើង អាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ានទៅជាតំបន់មួយលេចធ្លោនិងមានការរីកចម្រើនលើ
គ្រប់វិស័យ»។
ជាមួយគ្នានេះសម្ដេចតេជោ បានបន្ថែមថា ស្ថិតនៅក្នុងស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន មិនត្រឹមតែមិនបែកបាក់សាមគ្គីតែប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញគឺត្រូវតែពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត ស្របតាមមូលបទ អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខឆ្ពោះទៅអនាគតភ្លឺស្វាង និងវិបុលភាព៕
PHOTO: KOK KY