
ក្រុមហ៊ុន BOEING ព្យាករណ៍ថាកំនើនអ្នកដំណើរមកកម្ពុជានឹងត្រលប់ដូចឆ្នាំ២០១៩ វិញនៅក្នុងពេល១ឆ្នាំទៀត
ភ្នំពេញ៖ ក្រុមហ៊ុន BOEING ព្យាករណ៍ថាកំនើនអ្នកដំណើរមកកម្ពុជានឹងត្រលប់ដូចឆ្នាំ២០១៩វិញនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ នេះជាការឲ្យដឹងពីអ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៉ីន ចាន់សិរីវុត្ថា។
ការប៉ាន់ស្មាននេះដោយផ្អែកលើស្ថានភាពសកលដែលកំពុងរើខ្លួនពីជំងឺកូវីដ-១៩ ជាបណ្ដើរៗ។
លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យ EAC News ដឹងថា តាមកិច្ចសហការរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន BOEING លើការវាយតម្លៃពីទីផ្សារកម្ពុជា។ ក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះបានព្យាករណ៍ថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើសិនជាគ្មានអ្វីកើតឡើងអ្វីបន្ដទៀត។
លោកថា៖ «BOEING បានសហការជាមួយអង្គការអាកាសចរស៊ីវិលអន្ដរជាតិ (ICAO), សមាគមន៏ក្រុមហ៊ុនអាកាសចរអន្តរជាតិ (IATA), ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ និងជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត គឺក្រុមហ៊ុន BOEING បានធ្វើការទស្សទាយថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ នឹងទទួលបានចំនួនអ្នកធ្វើដំណើរតាមយន្ដហោះស្មើនឹងឆ្នាំ២០១៩»។
បើតាមលោក ស៉ីន ចាន់សិរីវុត្ថា គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ មានក្រុមហ៊ុនអាកាសចរតភ្ជាប់ជើងហោះហើឡើងវិញចំនួន២៥ និងមានចំនួនអ្នកដំណើរមានការកើនឡើងជិត ១លាន២សែននាក់ ដែលកើនឡើងជិត៦០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕