ភ្នំពេញ៖ សិស្សសាលាអន្តរជាតិ CIA First ចំនួន៥នាក់ត្រូវជាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ពិភពលោក World Scholar’s Cup 2022 នៅសកលវិទ្យាល័យយ៉េល នៃសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែកញ្ញា សាលា CIA First បានឱ្យដឹងថាសិស្សទាំង៥នាក់នេះគឺបានទទួលជោគជ័យក្នុងការប្រកួតដណ្ដើមពានរង្វាន់ពិភពលោក World Scholar’s Cup (WSC) វគ្គ Global Round ក្នុងចំណោមសិស្សជាង ១ពានន់មកពីជាង២០ប្រទេស ដែលរៀបចំនៅប្រទេសថៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
យុវជនទាំង៥នាក់សុទ្ធតែទទួលមានមេដាយលើសពី៦ក្នុងការប្រកួតនៅប្រទេសថៃនេះ។
ក្រោយពីប្រកួតនេះពួកគេនឹងត្រូវជ្រើសរើសឱ្យត្រៀមប្រកួតផ្ដាច់ព្រ័តនៅអាមេរិកចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
កម្មវិធី World Scholar's Cup គឺជាកម្មវិធីប្រកួតចំណេះដឹងកម្រិតពិភពលោក ប្រចាំឆ្នាំដែលមានមានការចូលរួមពីសិស្សប្រមាណ ១៥ ០០០នាក់ មកពី៦៥ប្រទេស និងដែលមានគោល បំណងជំរុញទឹកចិត្តសិស្សានុសិស្សគ្រប់មជ្ឍដ្ឋាន ដើម្បីស្វែងរកសក្តានុពលផ្ទាល់ខ្លួនរបស់ពួកគេ និងកសាង អ្នកដឹកនាំសម្រាប់ជោគវាសនារួមគ្នានៃសហគមន៍នាថ្ងៃអនាគត៕