ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កាកបាទក្រហមរៀបចំសិក្ខាសាលាទស្សនៈយុវជនជុំវិញការអនុវត្តយុទ្ធសាស្ត្រស្ដីពី «ច្បាប់មនុស្សធម៌អន្តរជាតិ»

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានរៀបចំសិក្ខាសាលាមួយដើម្បី ឆ្លុះបញ្ជាំងពីទស្សនៈរបស់យុវជនជុំវិញការអនុវត្តយុទ្ធសាស្ត្រ ក៏ដូចជាបង្ហាញពីចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយ ចំពោះសកម្មភាពការងារមនុស្សធម៌ដែលយុវជនបានអនុវត្តជាក់ស្តែង។

សិក្ខាសាលានេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពី អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ និងអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន លោក ពិត ចំណាន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី កាកបាទក្រហមកម្ពុជានៃសាខារាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ៧៩នាក់។

សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយមានការចូលរួមពិភាក្សា និងបញ្ចេញទស្សនៈពីសំណាក់យុវជនកាកបាទក្រហមកម្ពុជាចំនួន ៤ក្រុម ដែលអញ្ជើញមកពីក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ។

តាមការលើកឡើងរបស់លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណងចង់ឱ្យយុវជនយល់ដឹងកាន់តែច្បាស់ពីខ្លឹមសារ៣សំខាន់ ដូចជា ការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ការឆ្លុះបញ្ចាំងពីសកម្មភាពរបស់យុវជនក្នុងការបំពេញការងារ និងការស្វែងយល់ពីឯកសារថ្មីដោយផ្តោតលើ សុវត្ថិភាពសាលារៀន និងការប្រែប្រួលអាកាសធាតុ។

លោកស្រីថា៖ «សិក្ខាសាលារយៈពេលពេញ ១ថ្ងៃនេះ កាកបាទក្រហមកម្ពុជា មានបំណងចង់ឱ្យយុវជនយល់ដឹងកាន់តែច្បាស់នូវខ្លឹមសារ ៣សំខាន់គឺ ៖ ទី១ គឺការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ ការការពារនិងប្រើប្រាស់បដិរូប និងគោលការណ៍គ្រឹះ៧ប្រការ។ ទី២ គឺជាការឆ្លុះបញ្ចាំងពីសកម្មភាពរបស់យុវជន ក្នុងការបំពេញការងារទៅតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ ធ្វើយ៉ាងណាឱ្យសម្រេចបានទិសស្លោក សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល, និងទី៣ គឺជាការស្វែងយល់ពីឯកសារថ្មី ស្តីពីអនុស្សរណៈសហព័ន្ធអន្តរជាតិជាមួយអាស៊ាន ដោយផ្តោតលើ សុវត្ថិភាពសាលារៀន និងការប្រែប្រួលអាកាសធាតុ»

ជាមួយគ្នានេះ លោកស្រីក៏បានថ្លែងអំណរគុណចំពោះសិក្ខាកាម ដែលបានចំណាយពេលវេលាមកចូលរួមសិក្ខាសាលានេះ និងកោតសរសើរដល់ ពួកគាត់ដែលមានសេចក្តីក្លាហានក្នុងការពិភាក្សាគ្នា និងការឡើងធ្វើបទបង្ហាញ បញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយបានលើកឡើងពីចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយ ចំពោះសកម្មភាពការងារមនុស្សធម៌ដែលយុវជនខ្លួនឯងបានអនុវត្តជាក់ស្តែងនាពេលកន្លងមក។

ក្នុងឱកាសបិទអង្គសិក្ខាសាលា លោក ពិត ចំណាន បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ រហូតដល់មានការបង្កើតឱ្យមានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានផ្ទាល់តែម្តង។

ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលានេះ ដោយឃើញថាយុវជន ទាំងអស់ពិតជាមានការយល់ដឹងខ្ពស់ មានសមត្ថភាព និងការប្តេជ្ញាចិត្តដើម្បីត្រៀមខ្លួនជាទំពាំងស្នងឬស្សីជាពេលអនាគតប្រាកដមែន។

ជាចុងក្រោយ លោក ពិត ចំណាន បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀងសូត្រនិងស្វះស្វែងរកចំណេះដឹងទាំងក្នុងនិងក្រៅសាលា ជាពិសេសត្រូវបង្កើនសមត្ថភាពឱ្យទាន់សម័យឌីជីថល រួមជាមួយសកម្មភាពផ្សេងៗទៀតនៅក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាចូលរួមថែរក្សាសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកទាំងមូល។

គួរបញ្ជាក់ថា បន្ថែមពីចំណេះដឹងដែលទទួលបានពីអង្គសិក្ខាសាលានេះ យុវជនទាំងអស់ ក៏បានទទួលនូវប័ណ្ណសរសើរ និងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតផង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក