ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីបំភ្លឺច្រានចោលរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានល្បួងបោកបញ្ឆោតឱ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ដោយថាកត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិជាខ្លាំង។
សេចក្ដីបំភ្លឺចុះនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងការបរទេសបានធ្វើការបំភ្លឺពីជ្រុងម្ខាងទៀតនៃរឿងរ៉ាវនេះដោយផ្អែកលើរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនិងបរទេសមួយចំនួនទាក់ទងនឹងករណីនេះ។ ក្នុងសេចក្ដីបំភ្លឺនោះក្រសួងឱ្យដឹងថា ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាមិនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងអាក្រក់ដូចជាការលើកឡើងនោះទេ។
ដោយបានលើកឡើងថាក្នុងចំណោមបណ្ដឹង១០៤ករណី គឺមានតែ១៩ករណីប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំង និងជំរិតទារប្រាក់។
ជាមួយគ្នានេះ ប្រេសិតម៉ាឡេស៊ី ក៏បានលាតត្រដាងករណីដ៏ចម្លែកនៃជនរងគ្រោះពីការឆបោកការងារនៅកម្ពុជា ដោយក្នុងនោះ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣មក ជនជាតិម៉ាឡេស៊ីជាង១០០នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាត្រូវបានជួយសង្គ្រោះដោយស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ដោយមនុស្សមួយចំនួនបានបដិសេដមិនទទួលការជួយសង្គ្រោះឫចាកចេញពីប្រទេសកម្ពុជានោះទេ។
ទាក់ទងនឹងករណីនេះ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eldeen Husaini Mohd Hashim បានបន្ថែមថាប្រតិបត្តិការជួយសង្គ្រោះជនជាតិម៉ាឡេស៊ី គឺអាចប្រព្រឹត្តទៅបានដោយសារតែមានការសហការពីអាជ្ញាធរកម្ពុជា ហើយមកទល់ពេលនេះស្ថានទូតកំពុងទាក់ទងជាមួយអាជ្ញាធរកម្ពុជាដើម្បីសង្គ្រោះជនជាតិម៉ាឡេស៊ីពីកន្លែងដែលមានបញ្ហាទាំងនេះ។
មួយវិញទៀត មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ឱ្យដឹងថា ការចោទប្រកាន់ ពីការវះយកសរីរាង្គខាងក្នុង និងការលក់ផ្នែករាងកាយមនុស្សនៅកម្ពុជាគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ។
តាមការលើកឡើងរបស់ អ្នកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យដឹងថាមកទល់ពេលនេះមិនទាន់មានសូម្បីតែមួយករណីដែលក្រុមជួញដូរមនុស្សធ្វើការវះកាត់យកសរីរាង្គពីជនរងគ្រោះទៅលក់នោះទេ។
ទាក់ទិននឹងករណីនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការដូចជា ការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ និងការបង្កើតនូវគណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីមានកិច្ចដឹកនាំបញ្ជាដោយនូវប្រតិបត្តិការបង្រ្កាបនិងជួយសង្គ្រោះជនរងគ្រោះផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងបានអំពាវនាវដល់សាធារណៈជន សហគមន៍ជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចរបស់មិត្តភ័ក្រអន្តរជាតិ ឱ្យបន្តសហការផ្ដល់ព័ត៌មានបន្ថែមទៀតពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីទប់ស្កាត់ និងបង្រ្កាបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា តាមរយៈលេខទូរស័ព្ទ និងទំព័រហ្វេសប៊ុកដែលក្រសួងបានកំណត់ជូន៕