ភ្នំពេញ៖ ប្រធានសភាកម្ពុជាសម្ដេចពញាចក្រី ហេង សំរិន បានចូលរួមរំលែកទុក្ខចំពោះព្រះញាតិវង្ស និងប្រជាជននៃចក្រភពអង់គ្លេសចំពោះការបាត់បង់ព្រះមហាក្សត្រីអេលីហ្សាប៊ែតទី២។
ក្នុងលិខិតផ្ញើជូនប្រធានសភានៃចក្រភពអង់គ្លេសលោក Sir Lindsay Harvey Hoyle សម្ដេចពញាចក្រី ហេង សំរិន បានបានរម្លឹកពីគុណបំណាច់របស់ព្រះមហាក្សត្រីយានីអាលីហ្សាប៊ែតទី២ ចំពោះប្រទេសជាតិ នឹងត្រូវចងចាំជានិច្ចដោយប្រជានុរាស្ត្រអង់គ្លេសគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាប្រជាជនជាច្រើននៅជុំវិញពិភពលោកផងដែរ។
សម្ដេចពញាចក្រីបានថ្លែងក្នុងលិខិតនោះថា៖ «សូមដួងវិញ្ញាណក្ខន្ត ព្រះមហាក្សត្រីយានីអេលីហ្សាប៊ែតទី២ បានទៅសោយសុខសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ព្រះមហាក្សត្រិយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត អាឡិចហ្សាន់ត្រា ម៉ារី វីនស៍រ (Elizabeth Alexandra Mary Windsor) បានប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស ដោយទ្រង់បានសោយទីវង្គតក្នុងជន្មាយុ ៩៦វស្សា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបានគ្រប់គ្រងប្រទេសរបស់ទ្រង់អស់រយៈពេល ៧០ឆ្នាំ។
ក្នុងរជ្ជកាលរបស់ទ្រង់បានឡើងស្នងរាជ្យបន្តពីព្រះបិតាក្នុងព្រះជន្ម២៥វស្សា អស់រយៈពេល ៧០ឆ្នាំ២១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជារយៈពេលគ្រងរាជ្យវែងបំផុតនៃចក្រភពអង់គ្លេស និងជាកំណត់ត្រាវែងបំផុតទីពីរនៃព្រះមហាក្សត្រនៃប្រទេសដែលមានអធិបតេយ្យភាព៕