អង់គ្លេស៖ ព្រះមហាក្សត្រិយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត អាឡិចហ្សាន់ត្រា ម៉ារី វីនស៍រ (Elizabeth Alexandra Mary Windsor) បានប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស ដោយទ្រង់បានសោយទិវង្គតក្នុងជន្មាយុ ៩៦វស្សា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបានគ្រប់គ្រងប្រទេសរបស់ទ្រង់អស់រយៈពេល ៧០ឆ្នាំ។
ក្នុងរជ្ជកាលរបស់ទ្រង់បានឡើងស្នងរាជ្យបន្តពីព្រះបិតាក្នុងព្រះជន្ម ២៥វស្សា អស់រយៈពេល ៧០ឆ្នាំ ២១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៥២ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលជារយៈពេលគ្រងរាជ្យវែងបំផុតនៃចក្រភពអង់គ្លេស និងជាកំណត់ត្រាវែងបំផុតទីពីរនៃព្រះមហាក្សត្រនៃប្រទេសដែលមានអធិបតេយ្យភាព។
ម្ចាស់ក្សត្រីអេលីហ្សាប៊ែត គឺជាកូនច្បងរបស់អ្នកឧកញ៉ា និងលោកជំទាវនៃរដ្ឋយ៉កស៍ (Duch and duchess of York) ដែលក្រោយមកបិតា របស់ទ្រង់បានឡើងរគ្រងរាជ្យនៅឆ្នាំ១៩៣៦ ក្រោយពេលការដាក់រាជ្យរបស់បងប្រុសរបស់គាត់ គឺស្ដេច Edward VIII ដែលធ្វើឱ្យព្រះនាងបានក្លាយជាអ្នកស្នងរាជ។
កាលពីនៅកុមារភាពទ្រង់បានទទួលការអប់រំជាលក្ខណៈឯកជននៅឯរាជវាំង។ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ បានធ្វើឱ្យចក្រភពអង់គ្លេសមានការរីកចម្រើន និងមោទនភាពតាមរយៈស្នាព្រះហស្តរបស់ទ្រង់ផងដែរ។
គួរឱ្យដឹងថាទ្រង់បានរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់នៃប្រទេសក្រិចនិងដាណឺម៉ាក ដែលអាពាហ៍ពិពាហ៍របស់ទ្រង់មានរយៈពេល ៧៣ឆ្នាំ រហូតដល់ព្រះស្វាមីបានសោយទិវង្គតក្នុងខែមេសាឆ្នាំ២០២១ កន្លងទៅនេះ ដោយបានបន្សល់ទុកបុត្រាបុត្រីចំនួន ៤អង្គគឺ ព្រះអង្គម្ចាស់ Charles III (King of the United Kingdom); ព្រះនាង Anne (Royal princess), ព្រះអង្គម្ចាស់ Andrew (Duke of York) និងព្រះអង្គម្ចាស់ Edward (Earl of Wessex)៕