ភ្នំពេញ៖ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ ដោយថាដើម្បីអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជាឱ្យទាន់នឹងការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា។
ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃសុក្រ ទី៩ ខែកញ្ញានេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្ដីព្រាងគោលនយោបាយនេះនឹងឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។
លោកថា៖ «ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្តនៃបច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រសម្រាប់ទំនាក់ទំនងគ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក»។
លោកថា ដោយហេតុនៃការរីកចម្រើនប្រព័ន្ធអេឡិចត្រូនិកនេះវាបានបង្កលក្ខណៈអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។
គោលនយោបាយនេះមាន គោលបំណង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
គោលដៅចំនួន៤ដែលត្រូវបានកំណត់ក្នុងគោលនយោបាយនេះរួមមាន ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ការធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ ប្រជាជន និងប្រើប្រាស់បច្ចេកវិទ្យាឌីជីចល។ បង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត និងលើកកម្ពស់តួនាទីរបស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍។
ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ នឹងដើរតួនាទីសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីអនុវត្តសកម្មភាពអាទិភាពឱ្យសម្រេចបានតាមយុទ្ធសាស្រ្តដែលបានដាក់ចេញ៕