ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរបស់ប្រទេសជប៉ុនចំនួន ១៤៩ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ពាន់លានដុល្លារអាមេរិក គិតត្រឹមខែសីហា ឆ្នាំ២០២២។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ក្រោមអធិបតីភាពអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក សុខ ចិន្តាសោភា និងឯកអគ្គរាជទូតជប៉ុនលោក MIKAMI Masahiro។
ក្នុងជំនួបនោះលោក សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ដែលតែងតែជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសវិនិយោគដ៏អំណោយផល។
ចំណែកឯកអគ្គរដ្ឋទូតជប៉ុនបានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ការសម្របសម្រួល និងការឆ្លើយតបចំពោះកង្វល់របស់អ្នកវិនិយោគជប៉ុន ដែលបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការរក្សា និងផ្តល់ភាពកក់ក្តៅដល់វិនិយោគិនគ្រប់រូប។
លោក MIKAMI Masahiro ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរឡើងលើគ្រប់វិស័យ និងបានសម្តែងការប្តេជ្ញាចិត្តរបស់អ្នកវិនិយោគជប៉ុនក្នុងការបន្តវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩៕