អ្នកនាំពាក្យ៖ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា | ខឿនព្រះលានជល់ដំរីអាចនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២៤ | លោក Andre Villas-Boas ជាប់ឆ្នោតជាប្រធានថ្មីនៃក្លិបបាល់ទាត់ FC Porto | ព្រះមហាក្សត្រព្រុយណេអញ្ជើញដល់ប្រទេសកម្ពុជាដើម្បីជាមួយសម្ដេចតេជោសោយព្រះក្រយាអាហារពេលព្រឹក |

World Travel Awards ផ្ដល់ពានរង្វាន់ចំនួន ២ដល់កម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម បានផ្ដល់ពានរង្វាន់ចំនួន២ដល់កម្ពុជាគឺ ពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ និងពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីអាស៊ីឆ្នាំ២០២២។

ពិធីប្រគល់ពានរង្វាន់ទាំងនេះបានធ្វើឡើងនាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្តិ ជាអ្នកឡើងទទួលពានរង្វាន់ទាំងពីរនេះបានឱ្យដឹងថា តាមរយៈការអនុវត្តនូវផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង, វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣, ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥ ដំណាក់កាលទី២ (Recovery) និងឈរលើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានសន្ទុះចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង ៥៨០ភាគរយក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២២ ដែលមានចំនួនជិត ១លាននាក់។

កត្តាទាំងនេះធ្វើឱ្យកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតពីអ្នកទេសចរជាង ២លាននាក់ ក្លាយជាម្ចាស់ពានរង្វាន់ចំនួន២ ក្រោមប្រធានបទ «គោលដៅសម្រាប់ទ្វីបអាស៊ី» ទីមួយគឺគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី២០២២ និងទីពីរគឺគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២។ ក្រៅពីកម្ពុជាក៏មានប្រទេសដទៃទៀតដែលទទួលបានពានរង្វាន់នេះដែរ ដូចជា ឥណ្ឌា ជប៉ុន ថៃ និង វៀតណាម និងប្រទេសដទៃទៀតសរុបចំនួន ៣៥ប្រទេស។

ឯកឧត្ដម ថោង រដ្ឋសក្តិ បានបន្តថា អ្នកដំណើរអន្តរជាតិទាំងអស់មកទស្សនាកម្សាន្តនៅកម្ពុជា តាមរយៈការបើកឡើងវិញនូវ Visa-on-Arrival (Free Visa for ASEAN Travelers)។ ចំពោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញអាចចូលមកតាមច្រកចេញ/ចូលប្រទេសគ្រាន់តែបង្ហាញកាត/វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ រីឯភ្ញៀវទេសចរមិនបានចាក់វ៉ាក់សាំង គ្រាន់តែធ្វើតេស្តរហ័សតែប៉ុណ្ណោះ។

លោកថា៖ «នេះសបញ្ជាក់ឱ្យឃើញថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»។

លោក ថោង រដ្ឋសក្តិ រំពឹងថាតាមរយៈការដាក់ចេញនូវផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២៥, យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 នឹងជួយទាក់ទាញកំណើនវិនិយោគិន និងទេសចរវៀតណាមកាន់តែច្រើនថែមទៀត ព្រោះវៀតណាមជាទីផ្សារលំដាប់ទី២របស់កម្ពុជា ដែលមាន ១៨៩,៧៨២នាក់ សម្រាប់រយៈពេល៧ខែដើមឆ្នាំ២០២២។

នេះគឺជាការប្រារព្ធខួបទី២៩ឆ្នាំ របស់ក្រុមហ៊ុនអន្តរជាតិ World Travel Awards ដែលបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022 ក្រោមប្រធានបទ «ការរីកចម្រើនឆ្ពោះទៅមុខទាំងអស់គ្នា - Growing Forward Together»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក