ភ្នំពេញ៖ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI អាស៊ីប៉ាស៊ីហ្វិក លោក Tan Sri Michael Yeoh បានស្នើនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន ដើម្បីផ្ដល់ធាតុចូលដល់អាស៊ាននិងវិស័យផ្សេងៗទៀត។
នៅក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា លោក Tan Sri Michael Yeoh បានអបអរដល់សម្ដេចតេជោចំពោះជោគជ័យក្នុងការដឹកនាំអាស៊ាននិងការរក្សាសុខសន្តិភាពនៅកម្ពុជា។ ក្នុងជំនួបនេះ លោកក៏បានស្នើដល់សម្ដេចដើម្បីរៀបចំបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន តំបន់សេដ្ឋកិច្ចបៃតង និងមូលនិធិអភិវឌ្ឍន៍កម្ពុជា។
លោកបានបញ្ជាក់ថាការបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ានគឺនឹងជួយផ្ដល់ធាតុចូលដល់អាស៊ាន និងជាស្ពាននៃទំនាក់ទំនងរវាងស្ថាប័នជាមួយអាស៊ានលើវិស័យផ្សេងៗទៀត ខណៈដែលការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាគឺដើម្បីពង្រឹងធនធានមនុស្សកម្ពុជាទាក់ទងទៅនឹងវិស័យព័ត៌មានវិទ្យានិងបញ្ញាសិប្បនិម្មិត។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ការបង្កើតនិងគាំទ្រដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន។ ដោយបានផ្ដល់ជាអនុសាសន៍ថាបន្ថែមលើអ្វីដែលជាការចង់រៀបចំរបស់ក្លឹបសេដ្ឋកិច្ចអាស៊ានគួរតែពិចារណាលើអ្វីដែលជាកាលពិនិត្យវាយតម្លៃនិងផ្ដល់ធាតុចូល។អាស៊ានផងនិងផ្សព្វផ្សាយអំពីលទ្ធផលការងារអាស៊ានផង។
សម្ដេចតេជោក៏បានគាំទ្រនូវកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាដែរ។
ដោយឡែកចំពោះកិច្ចផ្ដួចផ្ដើមឲ្យបង្កើតតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោបានមានប្រសាសន៍ថាទាំងនេះគឺស្ថិតនៅក្នុងសំណើរបស់កម្ពុជាលើទៅអាស៊ានកាលពីកន្លងមកនោះគឺ សំណើឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន៕
PHOTO: KOK KY